(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំចាយមារ បានគូសរំលេចថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ ដែលបានសង្គ្រោះជាតិ និងប្រជាជនចេញពីរបបវាលពិឃាត ប៉ុល ពត ហើយបានប្រឹងប្រែងបញ្ចប់សង្គ្រាម ផ្តល់ភាពសុខសាន្ត និងការរីកចម្រើនដល់ប្រជាពលរដ្ឋ។

លោក ស្តើង សុខុម បានគូសបញ្ជាក់បែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយសកម្មជន និងគ្រួសារសកម្មជនគណបក្សប្រជាជនកម្ពុជា ជាង ៣ពាន់នាក់ នៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល។

ក្នុងជំនួបសំណេះសំណាលធ្វើឡើងមួយថ្ងៃមុននៃទីវាចងចាំ «២០ ឧសភា» នោះ លោក ស្តើង សុខុម បានឆ្លៀតរំលឹកពីសោកនាដកម្មជាតិ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហម, របប ប៉ុល ពត នោះ។ លោក បានគូសរំលេចថា របបដ៏យង់ឃ្នងបំបិទសិទ្ធិសេរីគ្រប់បែបយ៉ាងរួមទាំងជីវិតរស់រានមានជីវិត និងកាប់សម្លាប់យ៉ាងឃោរឃៅនេះ នៅតែដក់ជាប់ជាមួយប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានឆ្លងកាត់របបមួយនេះ។

ក្រៅតែពីរំលឹកការចងចាំនៃរបបដ៏ព្រៃផ្សៃនេះហើយ លោក ស្តើង សុខុម ក៏បានរំលឹកពីការចងចាំនូវគុណបំណាច់ដ៏ធំធេងនៃចលនាបដិវត្តន៍សាមគ្គីសង្គ្រោះជាតិ ដឹកនាំដោយសម្តេចធម្មពោធិ៍សាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋអ្នកសេ្នហាជាតិជាច្រើនផ្សេងទៀត។ លោក ស្តើង សុខុម បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋថា ប្រសិនបើគ្មានចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នេះទេ ប្រជាពលរដ្ឋកម្ពុជា នឹងបន្តរស់ក្នុងអន្លង់ទុក្ខវេទនា ហើយជាតិទាំងមូលមិនដឹងជាមានជោគវាសនាយ៉ាងនោះឡើយ។

«ថ្ងៃរំដោះ ៧-មករា-១៩៧៩ ជាថ្ងៃដែលជាតិ និងប្រជាពលរដ្ឋរបស់យើង បានរស់រានមានជីវិតឡើងវិញ។ នេះជាថ្ងៃជីវិតទី២របស់យើង ដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន ហើយចងចាំជាប់ជានិច្ច។ ថ្នាក់ដឹកនាំគណបក្សប្រជាជន និងអ្នកស្នេហាជាតិរបស់យើង បានពលីកម្មសាច់ស្រស់ ឈាមស្រស់ ដើម្បីនាំជាតិ និងប្រជាជនរបស់យើងចេញពីអន្លង់អវចីនៃរបបខ្មែរក្រហម។ នេះជាគុណបំណាច់ដ៏ធំធេងដែលប្រជាពលរដ្ឋយើងគ្រប់រូប មិនអាចបំភ្លេចបាននោះឡើយ»។ នេះជាការបញ្ជាក់របស់លោក ស្តើង សុខុម។

ក្រៅតែពីរំលឹកដល់ភាពវេទនា និងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនោះ លោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំចាយមារ ក៏បានគូសរំលេចពីកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងថ្នាក់ដឹកនាំបក្សទាំងអស់ ក្នុងការកសាងជាតិឱ្យបានរីកចម្រើន និងលើកកម្ពស់ជីវិតប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

លោក ស្តើង សុខុម បានគូសរំលេចថា រយៈពេលជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយ បន្ទាប់ពីកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ បានធ្វើឱ្យកម្ពុជា រក្សាបានកំណើនសេដ្ឋកិច្ច ៧ភាគរយជាប់គ្នារយៈពេល ២០ឆ្នាំ។ តាមរយៈកំណើនសេដ្ឋកិច្ចនេះ បានធ្វើឱ្យកម្ពុជាងើបចេញពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

ដោយឡែកប្រជាពលរដ្ឋកម្ពុជា ដែលក្រោយរំដោះពីរបបប្រល័យពូជសាសន៍ មានកម្រិតជីវភាពស្ថិតក្រោមបន្ទាត់ក្រីក្រ ១០០ភាគរយនោះ មកដល់ពេលពេលបច្ចុប្បន្ន ជីវភាពរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរ អ្នកស្ថិតក្រោមបន្ទាត់ក្រីក្រមានចំនួនតិចតួចប៉ុណ្ណោះ។

លោក ស្តើង សុខុម ក៏បានលើកបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោជាប្រមុខ លើវិស័យទាំង៤ រួមមាន៖ មនុស្ស ទឹក ផ្លូវ និងភ្លើង។ ក្នុងនោះវិស័យអប់រំ និងសិក្សាធិការ ត្រូវបានរាជរដ្ឋាភិបាលពង្រាយសាលានៅទូទាំងប្រទេស ហើយខិតកាន់តែជិតផ្ទះប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋ, ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនទំនិញ, ប្រព័ន្ធទឹកស្អាត និងអគ្គិសនី ក៏ត្រូវបានតភ្ជាប់ជូនប្រជាពលរដ្ឋស្ទើរពាសពេញផ្ទៃប្រទេសផងដែរ។

ក្រៅពីនេះ លោក ស្តើង សុខុម ក៏បានលើកបង្ហាញពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញវិធានការនានា ជាពិសេសការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងដោយឥតគិតថ្លៃ។ លោក ស្តើង សុខុម បានគូសរំលេចថា បើមិនមានការយកចិត្តទុកដាក់ និងដឹកនាំដោយត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ទេនោះ កម្ពុជាមិនអាចយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋឆាប់បានវិលត្រឡប់មករកប្រក្រតីភាពវិញបែបនេះឡើយ។

ពាក់ព័ន្ធការអភិវឌ្ឍនៅតាមមូលដ្ឋានវិញ លោក ស្តើង សុខុម បានលើកបង្ហាញថា តាមរយៈគោលនយោបាយដាក់ចេញដោយរាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា បូករួមជាមួយក្រុមការងារថ្នាក់ជាតិផងនោះ សមិទ្ធផលជាច្រើន បានលេចចេញជារូបរាង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

លោក ស្តើង សុខុម បានគូសបញ្ជាក់ថា ឃុំក្របៅ គឺជាឃុំឆ្នើមមួយក្នុងស្រុកកំចាយមារ និងខេត្តព្រៃវែង ទាំងខាងការអភិវឌ្ឍ និងលទ្ធផលបោះឆ្នោត គឺប្រជាពលរដ្ឋតែងតែបោះឆ្នោតជូនគណបក្សប្រជាជនច្រើនលើសលុប។ ការអភិវឌ្ឍទៀតសោត គឺសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយា បានចំណាយធនធានជាច្រើនជួយកសាងផ្លូវកៅស៊ូ ផ្លូវបេតុងក្នុងឃុំ ស្ថានីយទឹកស្អាត សាលារៀន វត្តអារាម រថយន្តសង្គ្រោះបន្ទាបន់ ឧបករណ៍ និងបរិក្ខាពេទ្យ សម្រាប់មណ្ឌលសុខភាព ព្រមទាំងជំនួយឧបត្ថម្ភមួយចំនួនទៀត ដល់ពលរដ្ឋក្នុងឃុំក្របៅ។ មកដល់បច្ចុប្បន្ននេះ ឃុំក្របៅ ក៏មានអគ្គិសនីប្រើប្រាស់នៅតាមភូមិទាំង១១របស់ឃុំផងដែរ។

នៅក្នុងឱកាសនោះ លោក ស្តើង សុខុម ក៏បានក្រើនរំលឹក និងទទូចដល់សកម្មជាន និងគ្រួសារសកម្មជនបក្សប្រជាជនកម្ពុជា អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបានគ្រប់គ្នានៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខ្លួនស្រឡាញ់ពេញចិត្ត និងទុកចិត្តសម្រាប់ការបម្រើប្រជាពលរដ្ឋ៕