(កំពង់ធំ)៖ ចាស់ទុំជាសាក្សីរស់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សក្នុងឃុំត្នោតជុំ បានរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ។

ការប្រារព្ធទិវាជាតិ ២០ ឧសភានេះធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅវត្តបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក នី ផល្លី អនុប្រធានក្រុមការងារបក្សស្រុកបារាយណ៍ និងជាប្រធានក្រុមការងារបក្សប្រជាជនចុះជួយឃុំត្នោតជុំ តំណាងលោក ថោង ខុន ប្រធានក្រុមការងារបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក។

នាឱកាសនោះ លោក នី ផល្លី បានជម្រាបជូនថា ថ្ងៃ២០ ឧសភា ទិវាជាតិនៃការចងចាំ គឺជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានចងចាំ និងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ។

លោកបានបន្ថែមទៀតថា ប្រជាជនកម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំនេះឡើង គឺដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍ដ៏យង់ឃ្នងនេះ។

លោកក៏បានសង្កត់ធ្ងន់ និងរំលឹកអតីតកាលជូនដល់អង្គពិធីថា របបប្រល័យពូជសាសន៍ប៉ុលពត ដែលបានជម្លៀសប្រជាជនចេញពីទីក្រុង លុបបំបាត់សាសនា បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង បង្កជាសោកនាដកម្មដ៏ជូរចត់ បានសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់ ជាពេលវេលាដ៏ខ្មៅងងឹតដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំងយ៉ាងទារុណ ធ្វើការដូចសត្វធាតុ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

លោកបានបន្តថា បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិតទេ និងតាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យមានសុខសន្តិភាពពាសពេញប្រទេស ដែលជាមូលដ្ឋានគ្រឹះនៃការកសាងនិងអភិវឌ្ឍប្រទេសជាតិ រីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

លោកបានស្នើដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព និងភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត។

នាឱកាសនោះ លោក នី ផល្លី និងក្រុមការងារ ព្រមទាំងប្រជាពលរដ្ឋបានប្រារព្ធពិធីសាសនាបង្សុកូល និងរាប់បាត ដែលមានការនិមន្តចូលរួមរបស់ព្រះចៅអធិការវត្តទាំង៧ ក្នុងឃុំត្នោតជុំ ដើម្បីឧទ្ទិសបុណ្យកុសល្យជូនដល់វីរជន និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានពលីក្នុងរបបប្រល័យពូជសាសន៍ ក៏ដូចជាពលីដើម្បីសុខសន្តិភាពកម្ពុជា៕