(កំពង់ធំ)៖ លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ ប្រធាន អនុប្រធាន ក្រុមការងារចុះជួយឃុំ គណបក្ស ប្រជាជនកម្ពុជា និងសមាជិកសមាជិកា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា តាមបណ្តាឃុំទាំង៩ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

លោក អ៊ុត វណ្ណរ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់ បានឡើងរាយការណ៍ពីស្ថានភាពរបស់ស្រុក បេក្ខជនឈរឈ្មោះពេលនេះសុទ្ធតែបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ ធ្វើឱ្យប្រជាពលរដ្ឋ និងសមាជិកគណបក្សពេញចិត្តបំផុត។

ជាក់ស្តែងសមិទ្ធផលនៃឃុំនីមួយមាន ការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងសេវាផ្សេងៗទៀត ដែលបានបម្រើជូនប្រជាពលរដ្ឋ។ ពិសេសជាគុណសម្បត្តិដ៏វិសេសវិសាល គឺការគោរពតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន និងជំរុញការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងស្រុកសណ្តាន់ និងចាប់ពីអាយុ៣ឆ្នាំឡើងទៅ បានមកចាក់វ៉ាក់សាំងលើក ទី១ ទី២ ទី៣ ទី៤ សរុបបានចំនួន១១៧,៩៩៥នាក់ និងបន្តអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់តាមកម្រិត របស់ក្រសួងសុខាភិបាល។

លោក ងួន រតនៈ បានថ្លែងអំណរគុណដល់បេក្ខជនទាំងអស់ដែលបានចូលរួមគាំទ្រ និងជួយជ្រុមជ្រេងគណបក្សប្រជាជនកម្ពុជា។ លោកបានក្រើនរំលឹក គ្រួសាររបស់គណបក្សប្រជាជនកម្ពុជា ត្រូវតែបង្កើនកត្តាសាមគ្គីភាពឯកភាព ផ្ទៃក្នុងរួមគ្នា ជាកម្លាំងក្នុងការរក្សាភាពឈ្នះបន្តទៀត។

លើសពីនេះទៀតលោកក៏ជំរុញឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ជាសកម្មជនគណបក្សសូមខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សព្រមទាំងសមិទ្ធផលនានាដែលបានខិតខំកសាងដោយលំបាក។

លោក ងួន រតនៈ បានបញ្ជាក់បន្ថែមទៀតថា ជាពិសេសពាក់ព័ន្ធនឹងការខិតខំស្វែងរកវ៉ាក់សាំងចែកជូនប្រជាពលរដ្ឋ និងគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជួយប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកនៅក្នុងមូលដ្ឋាន។
សមាជិកទ្រគណបក្សប្រជាជនកម្ពុជាចូលរួមឆ្នោតឱ្យបានគ្រប់ៗគ្នា សមាជិកម្នាក់ៗត្រូវក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ការបោះឆ្នោតនេះគឺមានភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងមានការវាយតម្លៃទទួលស្គាល់ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិផងដែរ៕