(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបង្ហាញថា ខ្លួនត្រៀមឯកសារចំនួន៥ទៀត សម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយ និងអនុវត្ត។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ប្រាជ្ញ ចន្ទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំឆ្លងការពិនិត្យ និងសម្រេចពី គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២។

គ.ជ.ប បានបញ្ជាក់ថា ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន៖

*១៖ សេចក្តីអំពាវនាវរបស់ គ.ជ.ប សម្រាប់ផ្សព្វផ្សាយជូនដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅមក ដើម្បីបានបោះឆ្នោត នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

-លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍ទៅគ្រប់ប្រធានក្រុមហ៊ុនសន្តិសុខ ឯកជន និងប្រធានកាស៊ីណូទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ បុគ្គលិកសន្តិសុខ និងបុគ្គលិកកាស៊ីណូ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

-លិខិតស្នើសុំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយអន្តរាគមន៍ទៅគ្រប់ រោងចក្រ សហគ្រាស ភោជនីយដ្ឋាន គ្រឹះស្ថានទាំងអស់ដែលស្ថិតនៅក្នុងដែនអនុវត្ត នៃច្បាប់ស្តីពីការងារ អនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

* ២៖ សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែមរបស់ គណបក្សនយោបាយដែលត្រូវទទួលបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់។

* ៣៖ ស្ប៉តវីដេអូអប់រំ វីដេអូចម្រៀងកាយវិការ ស្ប៉តវីដេអូបែបជីវចល សម្រាប់ផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ ដើម្បីអប់រំដល់អ្នកបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

* ៤៖ សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

* ៥៖ សេចក្តីសម្រេច ស្តីពីការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបានចូលរួមពិនិត្យមើលការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។ ខ្លឹមសារក្នុងសេចក្ដីសម្រេចនោះ ភ្ញៀវពិសេស គឺជាប្រតិភូនៃស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់ខាងលើរួចមក គ.ជ.ប បានកែសម្រួលលើខ្លឹមសារមួយចំនួន ហើយបានសម្រេចឯកភាពជាគោលការណ៍ដាក់ឯកសារខាងលើ ដើម្បីត្រៀមប្រើប្រាស់ក្នុងការផ្សព្វផ្សាយ និងអនុវត្តបន្ទាប់ពីឯកឧត្ដមប្រធាន គ.ជ.ប បានចុះហត្ថលេខាជាផ្លូវការ៕