(ពោធិ៍សាត់)៖ ក្មេងស្រីសិស្សវិទ្យាល័យបាក់ចិញ្ជៀន ចំនួន០៣នាក់ លង់ទឹកស្លាប់ រកឃើញសាកសព០២នាក់ ខណៈម្នាក់ទៀតបាត់ខ្លួនរកពុំទាន់រកឃើញនៅឡើយ ពេលលេងទឹកស្ទឹងរអិលធ្លាក់រណ្តៅខ្សាច់។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចស្ពានក្របៅជ្រុំ ភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ មានករណីលង់ទឹកស្លាប់ ជនរងគ្រោះចំនួន០៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ជា ស្រីនាថ អាយុ១៤ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ចិញ្ជៀន រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ
*ទី២៖ ឈ្មោះ ថា ស្រីម៉ី អាយុ១៥ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ចិញ្ជៀន រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ
*ទី៣៖ ឈ្មោះ គីម សុខគៀង អាយុ១៥ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ចិញ្ជៀន រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ។

ប្រភពបានបន្តថា សាកសពជនរងគ្រោះទាំង០២នាក់ ត្រូវបានគេប្រទះឃើញអណ្ដែតក្នុងទឹកស្ទឹង ចម្ងាយពីកន្លែងចុះលេង ប្រហែល២,០០០ម៉ែត្រ។ ករណីនេះសមត្ថកិច្ចជំនាញ បានសហការជាមួយ និងគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសាកសពទាំង០២នាក់ ឃើញថាជនរងគ្រោះស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន។ ចំណែកឯជនរងគ្រោះម្នាក់ទៀតឈ្មោះ គីម សុខគៀង សមត្ថកិច្ចកំពុងដុតដៃដុតជើង ស្វែងរកសាកសព ដើម្បីស្រង់យកមកធ្វើបុណ្យតាមប្រពៃណី៕