(កណ្ដាល)៖ លោក សែ សុឃន តំណាងលោក គុណ ញឹម អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយស្រុកកៀនស្វាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ

បានដឹកនាំក្រុមការងារចុះជួបសំណោះសំណាង និងផ្ដល់អនុសាសន៍ណែនាំដល់ភ្នាក់ងារតំណាងគណបក្សប្រជាជនកម្ពុជា និងយុវជន យុវនារី ឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លើកឡើងនាឱកាសនោះលោក សែ សុឃន បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ តាមរយៈមហាជ័យជំនះ ៧ មករា ១៩៧៩ ដែលជាការផ្ដល់កំណើតទី២ ជូនប្រជាជនកម្ពុជា និងការបង្រួបបង្រួមជាតិឈានទៅដល់ការបញ្ចប់សង្គ្រាមផ្ទៃក្នុង ទាំងស្រុង នៅឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក ដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវការក៏សាងម្លប់ សន្តិភាពជូនប្រជាជាតិកម្ពុជា។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យកម្ពុជាបានស្គាល់នូវសុខសន្តិភាពបរិបូណ៌ពិតប្រាកដពេញផ្ទៃប្រទេស និងការអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យ ហើយកម្ពុជាបច្ចុប្បន្នដែលជាប្រទេសសន្តិភាព និងការអភិវឌ្ឍ គឺកើតចេញពីការតស៊ូរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិឱ្យឆ្លងផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក សែ សុឃន បានអះអាងទៀតថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលកំពុងដើរ តួនាទីយ៉ាងសកម្ម ដោយស្មើរសិទ្ធិ ស្មើរភាព និងមានមុខមាត់គ្រប់ កិច្ចការទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងនាពេលថ្មីៗនេះក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាចូលរួមជាសហប្រធានផ្ទាល់ ក្នុងកិច្ចប្រជុំកំពូល រវាងមេដឹកនាំអាស៊ានជាមួយនឹងប្រធានាធិបតី សហរដ្ឋអាមេរិក ដោយការដឹកនាំកិច្ចប្រជុំនេះបានទទួលនូវសមិទ្ធផល និងកិត្តិយសជាច្រើនជូនជាតិកម្ពុជា។

លោកបានបន្ថែមទៀតថា ភាពជោគជ័យនៃការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីប្រសិទ្ធភាពនៃការចូលរួម របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំអនុវត្ត យ៉ាងម៉ឺងម៉ាត់ នឹងល្អប្រសើរក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងបញ្ជាក់ឲ្យឃើញថា ការប្រគល់ សិទ្ធិអំណាចពីរាជរដ្ឋាភិបាលក្នុងការចាត់ចែងមុខងារមួយចំនួនចាំបាច់ទៅឲ្យថ្នាក់ក្រោមជាតិ គឺមានប្រសិទ្ធភាពខ្ពស់ និងបានបញ្ជាក់ឲ្យឃើញពីការខិតខំចូលរួម ពីសំណាក់ក្រុមការងារ គណបក្សចុះជួយមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ19 ដែលប្រទេសកម្ពុជា ក៏ដូចជាសកលលោក បានទទួលរងផលប៉ះពាល់នេះ៕