(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានណែនាំការងារចាំបាច់មួយចំនួនដល់ឃោសនិក សកម្មភាព និងភ្នាក់ងារគណបក្ស ដើម្បីត្រៀមលក្ខណៈក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតឃុំ-សង្កាត់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត អាណត្តទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ការណែនាំនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយឃោសនិក សកម្មភាព និងភ្នាក់ងារគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។

នាឱកាសនោះ លោកបានណែនាំសកម្មជន និងឃោសនិកគណបក្សប្រជាជនកម្ពុជាថា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ សកម្មជន និងឃោសនិកគណបក្សត្រូវចេះពន្យល់ប្រជាជនឱ្យយល់ពីសន្តិភាព ចូលរួមថែរក្សាសន្តិភាព សន្តិភាពនាំមកនូវការអភិវឌ្ឍ នាំមកនូវជីវភាពធូរធា។ ចង់មានសន្តិភាព ចង់មានអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជា ដោយសារមានការអភិវឌ្ឍ។

លោកក៏បានណែនាំភ្នាក់ងារគណបក្សប្រជាជនកម្ពុជាថា រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើជាភ្នែក ជាច្រមុះ ជាត្រចៀក ជាឃោសនិក ជាបេះដូង ជាកម្លាំងរបស់គណបក្សតាមការិយាល័យបោះឆ្នោតនីមួយៗ (ក្នុងមួយការិយាល័យមាន២នាក់)។ ត្រូវធ្វើជាអ្នកសង្កេតការណ៍ តាមដាន មើលដំណើរការបោះឆ្នោតឱ្យគ្រប់ជ្រុងជ្រោយ គិតទាំងការរាប់សន្លឹកឆ្នោតរហូតដល់ចុងបញ្ចប់នៃការបោះឆ្នោត។ ត្រូវក្លាហាន ម៉ឺងម៉ាត់ ស្មោះត្រង់ ពិសេសត្រូវធ្វើជាអ្នកការពារផលប្រយោជន៍របស់បក្ស ប្រសិនបើមានភាពមិនប្រក្រតី ត្រូវហ៊ានប្ដឹងជំទាស់។

លោកបានបន្តណែនាំភ្នាក់ងារគណបក្សប្រជាជនកម្ពុជាថា ការខិតខំជួយការងារបោះឆ្នោតជូនគណបក្សរយៈពេល១ថ្ងៃនេះ គឺដើម្បីការពារសន្តិភាព ជួយប្រទេសជាតិ ជួយជីវិតប្រជាជនកម្ពុជាឱ្យនៅតែបន្តរស់ក្នុងសន្តិភាព មួយថ្ងៃនេះគឺមានតម្លៃណាស់។

លោកបានបញ្ជាក់ទៀតថា ឃោសនិក សកម្មភាព និងភ្នាក់ងារគណបក្សមានភារកិច្ចរួមដូចគ្នា គឺទី១ការពារផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងថ្ងៃបោះឆ្នោតរហូតដល់បញ្ចប់ថ្ងៃបោះឆ្នោត និងទី២ជាតំណាងឱ្យសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោកបានជំរុញឱ្យឃោសនិក សកម្មភាព និងភ្នាក់ងារគណបក្ស ត្រូវប្រឹងប្រែងចេញពីបេះដូង ដើម្បីដណ្ដើមយកជ័យជម្នះជូណគណបក្សប្រជាជនកម្ពុជា។

លោក ម៉ា ឈឿន បានលើកទឹកចិត្តថា នៅពេលបោះឆ្នោតចប់ ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតទាំង១០ឃុំលើ១០ឃុំ លោកនឹងរៀបចំការជួបជុំជាមួយសកម្មជនបក្ស ឃោសនិក និងភ្នាក់ងារគណបក្សប្រជាជនកម្ពុជាម្ដងទៀត ដើម្បីប្រគល់រង្វាន់ជាទីគាប់ចិត្ត៕