(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានថ្លែងថា យុវជនគឺជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេន ប្រកបដោយសក្តានុពល ដូចនេះត្រូវតែមានឆន្ទៈមនសិកាស្នេហាជាតិ ប្រកបដោយសាមគ្គីភាព សេចក្ដីថ្លៃថ្នូរ និងមានស្មារតីសកម្មព្យាយាម និងការលះបង់ខ្ពស់ ចំពោះប្រជាពលរដ្ឋគ្រប់ពេលគ្រប់វេលា ប្រកបដោយការទទួលខុសត្រូវ គ្រប់កាល:ទេស:ទាំងអស់ ដើម្បីដណ្ដើមប្រៀបឈ្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។

លោក គង់ សោភ័ណ្ឌ បានថ្លែងយ៉ាងដូចនេះនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ នៅក្នុងពិធីពិធីផ្សព្វផ្សាយផែនការ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ នៅក្រុងតាខ្មៅ និងស្រុកខ្សាច់កណ្ដាល ដែលមានយុវជនចូលរួមសរុបជាង ៥០០នាក់ ។

លោក គង់ សោភ័ណ្ឌ បានបន្តថា សន្តិភាពមានតម្លៃដ៏លើសលប់បំផុតនៅពេលដែលមានសង្គ្រាមកើតឡើង គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់ សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍និងឱ្យតម្លៃនោះឡើយ ហើយមានតែគណបក្សប្រជាជនកម្ពុជាជាអ្នកនាំមក នូវសុខសន្តិភាព ជូនប្រជាពលរដ្ឋគ្រប់ពេលគ្រប់វេលា។

ជាមួយគ្នានេះលោក គង់ សោភ័ណ្ឌ ក៏បានថ្លែងជំរុញដល់យុវជនទាំងអស់ឲ្យបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសាច់ញាតិរបស់ខ្លួនទាំងអស់ឲ្យយល់ និងឲ្យស្គាល់ ពីគុណតម្លៃដ៏ធំធេងនៃសុខសន្តិភាព និងរួមគ្នាការពារ ថែរក្សាសុខសន្តិភាព ឱ្យបន្តយូរអង្វែងទៅមុខជាលំដាប់ដើម្បីអភិវឌ្ឍ ប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខ ជាលំដាប់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកក៏បានបញ្ជាក់ថា តម្លៃនៃសន្តិភាពនេះគឺមានទំហំមហិមាណាស់ដែលពិភពលោកចង់បានជាទីបំផុត ក្នុងនោះប្រទេសកម្ពុជា ជាង៥០០ឆ្នាំមកហើយ ដែលមិនដែល ទទួលបាន សុខសន្តិភាព ពេញលេញនោះទេ ទើបតែមកដល់សម័យសម្តេចតេជោ ហ៊ុន សែន នេះតែប៉ុណ្ណោះ ដែលកម្ពុជាមានសុខសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិតែមួយ មានការឯកភាពជាតិតែមួយ ប្រទេសជាតិសម្បូរសប្បាយ រុងរឿង និងកំពុងតែបន្តការរីកចម្រើនទៅមុខជាលំដាប់ ៕