(កំពង់ធំ)៖ លោក ជា អឿង តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រសាទបល្ល័ង្ក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានរួមជាមួយប្រជាជនបានប្រារព្ធទិវាជាតិនៃការចងចាំ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក ជា អឿន បានលើកឡើងថា ថ្ងៃ២០ឧសភានេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាននូវការសម្លាប់ប្រជាជនអស់ជាង៣លាននាក់ ក្នុងរបបខ្មែរក្រហមប៉ុលពត ឬរបបកម្ពុជាប្រជាធិបតេយ្យ។

លោកបានបន្តថា របបកម្ពុជាប្រជាធិបតេយ្យបានបង្កើតរបបសហករនៅថ្ងៃទី២០ ឧសភា ឆ្នាំ១៩៧៣ អំឡុងពួកគេជាទ័ពព្រៃ តែថ្ងៃនោះហើយដែលខ្មែរក្រហមចាប់យកគោលនយោបាយសម្លាប់ក្រុមប្រឆាំងដែរ។

លោកបានបញ្ជាក់ថា ថ្ងៃនេះហើយដែលជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំ មិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅខ្មៅងងឹត។

លោកថា ទិវានេះជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុបបានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។

មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជាត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានក៏គ្មានដែរ។

លោកបានបន្តទៀតថា ទោះយ៉ាងណា របបផ្កាច់ការនិយមមួយនេះបានរលំទៅវិញនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដែលកងទ័ពរណសិរ្យនៃបក្សប្រជាជនកម្ពុជាគាំទ្រដោយកងទ័ពស្ម័គចិត្តវៀតណាមបានចូលមករំដោះពីរបបប្រល័យពូជសាសន៍។

លោកបានរំឭកទៀតថា កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជាទិវាជាតិនៃការចងចាំ។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការសម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

លោក ជា អឿង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាសុខសន្តិភាពជាមួយរដ្ឋភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ៕