(កំពង់ធំ)៖ ប្រជាពលរដ្ឋចំនួន៤០០គ្រួសារនៅសង្កាត់អាចារ្យលាក់ និងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដែលជួបបញ្ហាខ្វះខាតដោយសាររងវិបត្តិជំងឺកូវីដ១៩ បានទទួលអំណោយជាគ្រឿងឧបភោគ-បរិភោគពីសប្បុរសជនក្នុងនិងក្រៅប្រទេស តាមរយៈសមាគមនិកាយសាសនានៃព្រះយេស៊ូគ្រិស្ទ និងសមាគមសិស្ស-និស្សិតបញ្ញាវ័ន្តក្មេងវត្តខេត្តកំពង់ធំ។

សកម្មភាពចុះចែកអំណោយជូនប្រជាពលរដ្ឋខាងលើនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ ក្នុងនោះក៏មានវត្តមានលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងតំណាងសប្បុរសជនមួយចំនួនទៀតផងដែរ។

លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានឱ្យដឹងថា អំណោយទាំងអស់នេះគឺបានពីការចូលរួមរបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលជួយឧបត្ថម្ភតាមរយៈសមាគមនិកាយសាសនានៃព្រះយេស៊ូគ្រិស្ទ និងសមាគមសិស្ស-និស្សិតបញ្ញាវ័ន្តក្មេងវត្តខេត្តកំពង់ធំ (ចំណុះក្រោមមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ)។

លោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រព្រះយេស៊ូគ្រិស្ទ បានលើកឡើងថា ដោយសារការមើលឃើញថាវិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តកំពង់ធំជួបបញ្ហាខ្វះខាតក្នុងជីវភាព ទើបសមាគមនិកាយសាសនាចក្រព្រះយេស៊ូគ្រិស្ទខិតខំកៀរគររកជំនួយឧបត្ថម្ភពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីយកមកជួយដល់ប្រជាពលរដ្ឋរងគ្រោះទាំងនេះឱ្យបានទាន់ពេលវេលា។

លោកថា ទោះបីគ្រឿងឧបភោគ-បរិភោគទាំងនេះមិនបានជួយអ្វីច្រើនដល់ប្រជាពលរដ្ឋក៏ដោយ តែក៏ជួយបំពេញតម្រូវការក្នុងកាលៈទេសៈចាំបាច់នេះបានមួយគ្រាផងដែរ។

នាឱកាសនោះ លោកអភិបាលខេត្ក ងួន រតនៈ បានសម្ដែងនូវការថ្លែងអំណរគុណចំពោះសមាគមនិកាយសាសនានៃព្រះយេស៊ូគ្រិស្ទ និងសមាគមសិស្ស-និស្សិតបញ្ញាវ័ន្តក្មេងវត្តខេត្តកំពង់ធំ ដែលបានពាំនាំអំណោយយកមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ហើយលោកក៏បានលើកទឹកចិត្តដល់សប្បុរសជន ក៏ដូចជាប្រជាពលរដ្ឋដែលមានលទ្ធភាពធូរធា គប្បីចូលរួមក្នុងកិច្ចការមនុស្សធម៌នេះបន្តទៅទៀត ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋដទៃទៀតដែលកំពុងជួបបញ្ហាខ្វះខាត។

គួរបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋ៤០០គ្រួសារទទួលបាននោះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មីជាតិ១កេស ត្រីខ១យួរ ប្រេងឆា១ដប ទឹកស៊ីអ៉ីវ១យួរ និងទឹកត្រី១យួរ៕