(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់យាងជួបជុំសួរសុខទុក្ខ ថ្នាក់ដឹកនាំ រចនាសម្ព័ន្ធ សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច នៅឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មានព្រះបន្ទូលទៅកាន់ សមាជិកសមាជិកា អ្នកគាំទ្រ ព្រះអង្គម្ចាស់ បានថ្លែងនូវការកោតសរសើរ ចំពោះទឹកចិត្តយ៉ាងប្តូរផ្តាច់ ស្មោះស្ម័គ្រ និងបានបម្រើការងារគណបក្សហ៊្វុនស៊ិនប៉ិច នៅមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវ។

នាឱកាសនោះដែរ ព្រះអង្គម្ចាស់ព្រះប្រធានគណបក្ស ទ្រង់បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសហជីវិន សហជីវិនី ដែលបានចូលរួមបំរើយ៉ាងសកម្មជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ឥតងាករេ។

ក្នុងព្រះឋានៈ ជាព្រះប្រធានគណបក្ស ព្រះអង្គនឹងដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចឱ្យរុងរឿង មានប្រជាប្រិយភាព ដើម្បីគណបក្សទទួលបានការគាំទ្រសារជាថ្មី។ ព្រះអង្គមានបន្ទូលបន្តអំពាវនាវឱ្យថ្នាក់ដឹកនាំក្នុងខេត្ត ត្រូវប្រមែប្រមូលអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម រួបរួមគ្នា សាមគ្គីគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសាជាថ្មី។

ព្រះអង្គក៏បានអំពាវនាវឱ្យសមាជិកសមាជិកា រួមគ្នាការពារ សុខសន្តិភាព ស្ថិរភាពសង្គម និងសូមឱ្យប្រជារាស្ត្រ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕