(ភ្នំពេញ)៖ ដោយក្ដីអាណិតអាសូរ និងចង់ចូលរួមរំលែកនូវមហាទុក្ខ ចំពោះក្រុមគ្រួសារតារាចម្រៀង សុវត្ថិឌី ធារីកា ដែលបានបាត់បង់ឪពុក និងម្ដាយក្នុងពេលតែមួយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់តំណាងនាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ទៅប្រគល់ជូនដល់ដៃតារាចម្រៀង សុវត្ថិឌី ធារិកា ផ្ទាល់តែម្ដង កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ឧត្ដមសេនីយ៍ទោ ពេជ្រ សាមុំ នាយរងខុទ្ទកាល័យ ប.អ.រ និងជាជំនួយការផ្ទាល់របស់នាយឧត្ដមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បាននាំយកនូវអំណោយដ៏ថ្លៃថ្លាជាថវិកា និងគ្រឿងឧបភោគបរិភោគ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនដោយផ្ទាល់ ដល់ដៃក្រុមគ្រួសារសព ឪពុក និងម្ដាយ របស់កញ្ញា សុវត្ថិឌី ធារីកា តម្កល់ធ្វើបុណ្យនៅក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ។

យ៉ាងណាមិញ កាលពីថ្ងៃទី១៨ ខែឧសភា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន បានចាត់តំណាងនាំយកអំណោចទៅប្រគល់ជូនគ្រួសារសពឪពុកម្តាយ តារាចម្រៀង សុវត្ថិឌី ធារិកា ផងដែរ។

កាកបាទក្រហមកម្ពុជា បានផ្ដល់អំណាយមួយចំនួន និងបានបរិច្ចាកថវិកាចំនួន២០លានរៀល តាមរយៈលោក ឌួង អេលីត នាយកពិធីការកាកបាទក្រហមកម្ពុជា ជូនទៅកាន់កញ្ញា សុវត្ថិឌី ធារិកា ដែលកំពុងជួបទុក្ខធំ ត្បិតឪពុកម្តាយបង្កើត បានទទួលមរណភាពព្រមគ្នា ក្នុងពេលតែមួយ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា បន្ទាប់ពីបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅក្នុងវត្តស្ទឹងមានជ័យអស់រយៈពេល២យប់២ថ្ងៃរួចមក សពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានរៀបចំពិធីបូជាកាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះរួចរាល់ហើយ។ ក្នុងពិធីបូជាសពលោក មាស សុវត្ថិឌី និងអ្នកស្រី ពៅ ពុទ្ធារី ដែលត្រូវជាឪពុក និងម្ដាយបង្កើតរបស់តារាចម្រៀង សុវត្ថិឌី ធារិកា គឺប្រកបដោយក្ដីវិប្បយោគ សោកសង្រែង អាឡោះអាល័យ ពីសំណាក់សាច់ញាតិ បងប្អូន មិត្តភក្ដិ ជាពិសេស គឺពីសំណាក់កូនទាំងពីរ របស់គ្រួសារនេះផ្ទាល់តែម្ដង។

ការបាត់បង់ជីវិតឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានមហាជនមើលឃើញថា ជាការបាត់បង់យ៉ាងធំធេងបំផុត ក្នុងប្រវត្តិសាស្រ្តរបស់អ្នកសិល្បៈ ដែលកម្របានជួបប្រទះ និងស្ទើរតែគ្មានសោះឡើយ ក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ និងសង្គមទូទៅ។ មហាជន និងអ្នកសិល្បៈ បានសម្ដែងក្ដីរន្ធត់តក់ស្លុត ចំពោះហេតុការណ៍ដ៏កម្រមួយនេះ ដែលបានកើតឡើងចំពោះក្រុមគ្រួសារតារាចម្រៀង សុវត្ថិឌី ធារិកា ដោយម្នាក់ៗបានសម្ដែងក្ដីអាណិតអាសូរដល់រូបនាង និងប្អូនប្រុសជាពន់ពេក ព្រមទាំងចូលរួមរំលែកនូវមហាទុក្ខនេះជាមួយនាងផងដែរ៕