(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងជាប្រធានគណៈកម្មាធិការគណបក្សក្រុងបាវិត បានថ្លែងថា ទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាប្រវត្តិសាស្ត្ររំលឹក និងគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជារាប់លាននាក់ ដែលបានស្លាប់ដោយអំពើឃោឃៅ ព្រៃផ្សៃ អយុត្តិធម៌ និងអមនុស្សធម៌ ដែលរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត។

ការថ្លែងបែបនេះរបស់លោក លឹម សៀងហេង បានធ្វើឡើងនៅក្នុងពិធីទិវាចងចាំ ២០ ឧសភា នៅទីស្នាក់ការគណបក្សក្រុងបាវិតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដែលមានការចូលរួមពីមន្ត្រីរាជការជាច្រើននាក់ផងដែរ។

លោកបានបន្តថា «ថ្ងៃនេះជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូប ចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត»

លោកបានបន្តថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

លោកបានបន្ថែមថា «ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា»