(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងដាក់ទិសដៅការងារ កិច្ចការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ ក្នុងកិច្ចដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ដល់លោក-លោកស្រី ស្នងការរង នាយការិយាជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង៩។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងទទួលផែនការងារសេនាធិការ បានឡើងអានផែនការ និងសេចក្តីណែនាំ ផ្សព្វផ្សាយដល់កងកម្លាំង ស្តីពីការត្រៀមកម្លាំងការពារពិធីបោះឆ្នោត-របៀបរបបការងារ -ច្បាប់គជប និងអប់រំក្រមសីលធម៌។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការណែនាំ ដល់កម្លាំងនគរបាលទាំងអស់ ត្រូវការពារគ្រប់ការចុះធ្វើសកម្មភាពរបស់គណបក្សនយោបាយ អំឡុងពេលចុះបើកយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត។ ទប់ស្កាត់បាតុភាពល្មើសដែលបង្កចលាចលសង្គម ឬបទល្មើសអសន្តិសុខ និងត្រូវរួមគ្នាទប់ស្កាត់រាល់ពត៌មានក្លែងក្លាយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានអំពាវនាវដល់កងកម្លាំងត្រូវមានសិលធម៌ និង គោរពច្បាប់ គោរពវិន័យកងកម្លាំងឲ្យបានល្អផងដែរ៕