(កំពង់ចាម)៖ ថ្លែងចេញពីខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ដែលចំថ្ងៃទិវាជាតិ នៃការចង់ចាំ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ទិវាជាតិ នៃការចង់ចាំនេះ ជាការរំលឹកនូវអតីតកាល នៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ដ្រមនុស្សជាតិ ដែលប្រជារាស្ដ្រខ្មែររាប់លាននាក់ បានទទួលរងនូវការធ្វើទុក្ខបុកម្នេញ និងការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃយងឃ្នងនៅក្នុងរបប ប៉ុល ពត ហើយមហោសោដនាដកម្មនេះ គឺជាការស្លាប់ដោយមិនអស់ចិត្ត និងអយុត្តិធម៌បំផុត។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ DBST ចំនួន៥ខ្សែ ប្រវែង២៧.៩៧គីឡូម៉ែត នៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោក ហ៊ុន ម៉ាណែត បានបន្ដថា ជាភ័ព្វសំណាងណាស់ ដែលក្រោយមកប្រជាជនកម្ពុជា បានធ្វើដំណើរឆ្លងផុតមហន្តរាយ នៃអតីតកាលដ៏ខ្មៅងងឹតនេះ តាមរយៈពលិកម្មតស៊ូរំដោះជាតិរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានបន្តរស់នៅប្រកបដោយសុភមង្គល និងសេចក្តីសុខសាន្តនៅក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ក្រោមការបន្តដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងបានទទួលការគាំទ្រ និងការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់អាណត្តិ នៃការបោះឆ្នោតកន្លងមក។

បើតាមលោក ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលកើតចេញកូនកសិករចេញពីត្រកូលអ្នកស្ទឹងត្រង់នេះផ្ទាល់ និងជាកូនខ្មែរមួយរូប ដែលបានចូលរួមចំណែកបម្រើប្រជាពលរដ្ឋ ក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិ សម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងការនាំមកនូវកិត្តិយស និងកិត្យានុភាពជាតិ ដោយទទួលបានការទទួលស្គាល់ប្រកបដោយភាពស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិគួរជាទីមោទនៈ។

ជាមួយគ្នានេះ លោកក៏បានចូលរួមអបអរសាទរ និងសម្តែងនូវការត្រេកអររីករាយជាមួយប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ក៏ដូចជានៅទូទាំងខេត្តកំពង់ចាមទាំងមូល ចំពោះសមិទ្ធផលថ្មីផ្លូវក្រាលកៅស៊ូ DBST ចំនួន៥ខ្សែ ប្រវែង២៧.៩៧គីឡូម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ សមេ្តចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរមកពីទីជិតឆ្ងាយ ដែលមានតម្រូវការប្រើប្រាស់ផ្លូវទាំងនេះ ដោយចាប់ពីពេលនេះតទៅ នឹងទទួលបានការធ្វើដំណើរប្រកបដោយផាសុកភាព ចំណេញពេលវេលា ខណៈដែលតំបន់នេះពីមុន ជាតំបន់ខ្វះការតភ្ជាប់ពីព្រោះស្ថានភាពផ្លូវមានការខូចខាតច្រើន ដែលបង្កជាការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ជាទិដ្ឋភាពរួមនៅទូទាំងប្រទេស ប្រជាពលរដ្ឋរាប់លាននាក់ បាននិងកំពុងប្រើប្រាស់ និងទទួលផលពីសមិទ្ធផលជាច្រើន រួមមានផ្លូវ ថ្នល់ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងមន្ទីរពេទ្យ ជាដើម ដែលកើតចេញពីស្នាដៃរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានកែប្រែស្ថានភាពដ៏លំបាកពីអតីតកាល មកជាភាពស្រណុកសុខស្រួលដូចពេលបច្ចុប្បន្ន។ ដូចនេះ យើងទាំងអស់គ្នា ចាំបាច់ត្រូវចូលរួមថែរក្សាការពារនូវសមិទ្ធភាពទាំងនេះឲ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ និងពុះពារប្តេជ្ញាដាច់ខាតការពារកុំឱ្យមានសង្គ្រាមកើតមានឡើងសាជាថ្មី ជាពិសេសការខិតខំរក្សានិរន្តរភាពនៃសន្តិភាព និងស្ថិរភាពសម្រាប់អ្នកជំនាន់ក្រោយ៕