(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៥គ្រួសារ និងបាន ប្រគល់ផ្ទះចំនួន ៧ខ្នង ធ្វើអំពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ស្ថិតនៅភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជូនប្រជាពលរដ្ឋដែលរងគ្រោះកន្លង។

ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមជម្រាបថា សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋទទួលបានផ្ទះរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ ភួយ ១ សារុង ១ ក្រម៉ា ១ មុង ១ និងថវិកាចំនួន ៥០,០០០រៀល។

សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុង១គ្រួសាររួមមាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល៕