(ភ្នំពេញ)៖ សមាគមមន្ត្រីរាជការតុលាការ និងអយ្យការអមតុលាការកំពូល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានរៀបចំមហាសន្និបាតរបស់សមាគមក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្នី ប្រធានតុលាការកំពូល, លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងប្រធានគណៈកម្មាធិការកណ្តាលរបស់សមាគម។
មហាសន្និបាតនេះត្រូវបានប្រារព្ធឡើង ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មាធិការកណ្ដាល អាណត្តិថ្មី យោងតាមប្រការ ១៦ នៃលក្ខន្តិកៈសមាគមមន្ត្រីរាជការតុលាការ និងអយ្យការអមតុលាការកំពូល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាសមាគមចំនួន៩២រូប។
ជាលទ្ធផល មហាសន្និបាតបានសម្រេចជ្រើសតាំងសមាសភាពគណៈកម្មាធិការកណ្តាល អាណត្តិថ្មី មានចំនួន១៩រូប និងបានជ្រើសតាំងលោក ជីវ កេង អនុប្រធានតុលាការកំពូល ជាប្រធានសមាគម។
ក្រៅពីនេះ មហាសន្និបាតបានធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគម ឱ្យបានសមស្របតាមកាលានុវត្តភាព នៃការរីកចម្រើនក្នុងសង្គមជាក់ស្ដែង ក្នុងគោលបំណងលើកស្ទួយដល់ការជួយសម្រាលទុក្ខ របស់សមាជិកសមាគម ក្នុងករណីមរណភាព ឬជួបប្រទះនូវការលំបាកខ្លាំង៕