(បាត់ដំបង)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនសង្កាត់វត្តគរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដង្ហែរក្បួនចូលរួមថ្ងៃបើកយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាព សម្តេចក្រឡាហោម សខេង ប្រធានស្តីទីគណបក្សប្រជាជនកម្ពុជា។

ការដង្ហែរក្បួននេះ ថ្ងៃបើកយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក មាស វីរិទ្ធ, លោក ព្រហ្ម វិរៈ និងលោក លោកស្រី កញ្ញា ក្រុមយុវជន ជាសមាជិកក្រុមការងារគ្រប់លំដាប់ថ្នាក់ពោរពេញដោយក្តីសប្បាយរីករាយ ក្នុងនាមជាមហាគ្រួសារខ្មែរ និងគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោក ឡេង ប៉េងឡុង បានសម្តែងនូវការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានផ្តល់ការគាំទ្រពេញទំហឹង ចំពោះការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដឹកនាំគណបក្សបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាជនប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពនាបច្ចុប្បន្ន។

លោក ឡេង ប៉េងឡុង បានបន្តថា គណបក្សប្រជាជនកម្ពុជា រយៈពេល៤៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានវាយ ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ឆ្នាំ ១៩៧៩គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិពុះពារ ឆ្លងកាត់ឧបសគ្គនិងការលំបាកច្រើនរាប់មិនអស់ ឲ្យឈានទៅមុខនៅលើផ្លូវដ៏ត្រឹមត្រូវដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន សម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ។ បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សន្តិភាព និងការឯកភាពជាតិ ហើយរួមសាមគ្គីគ្នាជាធ្លុង មួយខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីអភិវឌ្ឍន៍។

ជាមួយគ្នានេះ លោក ឡេង ប៉េងឡុង បានថ្លែងដោយសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាប្តេជ្ញាចំពោះមុខប្រជាជននឹងអនុវត្ត គោលនយោបាយរបស់ខ្លួនឲ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យបានរឹងមាំ លើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍឃុំ សង្កាត់លើគ្រប់វិស័យ ឲ្យកាន់តែរីកចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូប នៅគ្រប់មូលដ្ឋាន។

សូមបញ្ជាក់ថា នៅសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ មានគណបក្សចំនួន៣ចូលរួមការប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជាសង្កាត់វត្តគរមានលេខរៀង៣ និងសង្កាត់អូរម៉ាល់មានលេខរៀងទី២ ក្នុងសន្លឹកឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕