(កំពង់ធំ)៖ យោងតាមប្រតិទិន នៃកម្មវិធីឃោសនាបោះឆ្នោត ដែលគ្រប់គណបក្សនយោបាយបានដាក់ជូននៅតាមគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតទាំង៨១ ក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ គណបក្សនយោបាយនីមួយៗបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនតាមកម្មវិធីដោយមានការជួបប្រជុំ ដង្ហែក្បួន ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដល់អ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

តាមការបញ្ជាក់ពីលោក ប្រែង សាវុធ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងយុទ្ធនាការនេះដែរមានគណបក្សធំៗពីរ ដែលបានបើកធ្វើការឃោសនាជាលក្ខណៈទ្រង់ទ្រាយធំ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ហើយការឃោសនារបស់គណបក្សនីមួយៗ បានដង្ហែក្បួនចាប់ដៃគ្នារវាងក្រុង ស្រុងទាំងប្រាំបួនក្នុងខេត្ត។

លោកបន្តថា ក្នុងការដង្ហែក្បួនឃោសនានោះដែរ មានប្រើប្រាស់មធ្យោបាយច្រើនប្រភេទដូចជា ទោចក្រយានយន្ត ទោចក្រយានយន្ត សណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងរថយន្ត ក្នុងនោះសមាជិកចូលរួម ៤៥,០០០នាក់ ម៉ូតូ ១៥,៧០០ គ្រឿង រថយន្ត ១,៣១៥គ្រឿង ទូកបាឡាធំ ៦គ្រឿង តូច ២០ គ្រឿង និង សាឡង់ ១គ្រឿង។

គួរបញ្ជាក់ថា គណបក្សនយោបាយដែលបានដាក់ពាក្យឈរឈ្មោះប្រកួតប្រជែងក្នុងកំពង់ធំមាន ១៣គណបក្ស លើ៨១ ឃុំ សង្កាត់ ដែលមានបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបំរុងចំនួន ៥.២៨១នាក់ ស្រី ១.៩៧២នាក់។

គណបក្សទាំង១៣រួមមាន៖ ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សហ្វ៊ុនស៊ិនប៉ិច ៣. គណបក្សខ្មែររួបរួមជាតិ ៤. គណបក្សកម្ពុជានិយម ៥. គណបក្សខ្មែរស្រឡាញ់ជាតិ ៦. គណបក្សសញ្ជាតិកម្ពុជា ៧. គណបក្សប្រជាធិតេយ្យមូលដ្ឋាន ៨. គណបក្សឆន្ទៈខ្មែរ ៩. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១០. គណបក្សកែទម្រង់កម្ពុជា ១១. គណបក្សភ្លើងទៀន ១២. គណបក្សខ្មែរតែមួយ និង ១៣. គណបក្សយុវជនកម្ពុជា៕