(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះខេត្តកំពង់ធំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំការបើកយុទ្ធនាការឃោសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៥ នៅឃុំច្រនាង ស្រុកតាំងគោក ព្រមទាំងបានលើកឡើងពីសច្ចធម៌ប្រវត្តិ និងគោលនយោបាយកសាងជាតិរបស់គណបក្សប្រជាជន ទៅកាន់សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស។

បន្ទាប់ស្ដាប់នូវរបាយការណ៍របស់ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក និងប្រធានគណបក្សឃុំច្រនាងរួចហើយនោះ លោកប្រធាន ថោង ខុន បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា នាឱកាសយុទ្ធនាការឃោសបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៥ ដែលការបោះឆ្នោតនេះនឹងធ្វើឡើងនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ លោកបានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកត្រូវខិតខំអនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់រួមមកក្នុងសារលិខិតនេះ។

លោកបានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាម រយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នាគឺជាសាក្សីរស់ក្នុងការបញ្ជាក់ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ។

លោកចង់ឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានមនសិកា មានគោលជំហរច្បាស់លាស់ មុននឹងសម្រេចចិត្តបោះឆ្នោត ទោះបីអ្នកណានិយាយអ្វីក៏ដោយក៏មិនអាចកែប្រែគោលជំហររបស់ខ្លួនបានឡើយ។ ប្រជាពលរដ្ឋត្រូវចេះវាយតម្លៃថា គណបក្សដឹកនាំដែលល្អ គឺជាគណបក្សដែលមានមាគ៌ា ដឹកនាំត្រឹមត្រូវ គឺជាគណបក្សដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនមានជីវភាពការរស់នៅសុខស្រួល ដែលនោះគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននិងកំពុងគោលនយោបាយទាំងនេះ។

លោក ថោង ខុ ន បានបន្តទៀតថា ប្រជាជននឹងឃើញកាន់តែច្បាស់ថែមទៀត នោះគឺក្នុងដំណាក់កាលជំងឺកូវីដ១៩ ដែលសម្ដេចតេជោបានដាក់ចេញយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការពារសុខមាលភាពសាធារណៈប្រជាជន រហូតដល់អាចរុញច្រានការរីករាលដាល់ជំងឺដ៏កាចសាហាវឱ្យបានធូរស្រាលឡើងវិញ។ តាមរយៈការខិតខំផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពង្រឹងភាពស៉ាំក្នុងសហគមន៍ គឺបានជំរុញឱ្យរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចសង្គមឡើងវិញ និងនៅបានបន្តជំរុញឱ្យប្រជាជនចាក់វ៉ាក់សាំងដូសជំរុញថែមទៀត។ ទាំងនេះគឺសម្ដេចតេជោគិតគូរពីអាយុជីវិតប្រជាជនក្នុងប្រទេសកម្ពុជា ដោយសម្តេចតែងបានចាត់ទុកថាអាយុជីវិតប្រជាជនគឺសំខាន់ជាងអ្វីៗទាំងអស់។

លោកប្រធានបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនជាគណបក្សដែលមានវិន័យ ធ្វើអ្វីមានផែនការ មានយុទ្ធសាស្ត្រច្បាស់លាស់ រាប់ទាំងពីការតស៊ូរំដោះប្រជាជន ការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលជាសត្រូវគ្មានរូបគ្មានស្រយោល និងពិបាកប្រឆាំងជាងគេបំផុត។

បើតាមលោក ថោង ខុន ប្រជាពលរដ្ឋខ្លះ ទោះបីមិនមែនជាសមាជិកបក្ស តែពួកគាត់ក៏នឹងមើលឃើញពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងត្រៀមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។ ម្យ៉ាងទៀតគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាលក៏មិនប្រកាន់និន្នាការនយោបាយរបស់ប្រជាជនឡើយ ពោលគឺតែងគិតគូរពីសុខទុក្ខរបស់ប្រជាជនទូទៅជានិច្ច។ លោកថា កត្តាទាំងនេះដែលដឺងនាំឱ្យប្រជាជននៅតែគាំទ្រជឿជាក់លើគណបក្សប្រជាជនកម្ពុជា ជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់។

លោកបានបញ្ជាក់ជូនសកម្មជន សមាជិក-សមាជិកគណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ជះឥទ្ធិពលដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ ការបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ ក្រុមប្រឹក្សារាជធានី-ខេត្ត និងព្រឹទ្ធសភាពផងដែរ។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានណែនាំដល់សកម្មជន សមាជិក-សមាជិកាគណបក្សប្រជាជនត្រូវជួយសម្រួលដល់ប្រជាពលរដ្ឋដែលខ្វះលទ្ធភាពទៅមកបោះឆ្នោត ដូចជាប្រើមធ្យោបាយដឹកជញ្ជូនជូនពួកគាត់ទៅមក។ ការធ្វើបែបនេះមិនមែនជាការបង្ខិតបង្ខំឡើយ ពីព្រោះពួកយើងគ្រាន់តែជួយប្រជាពលរដ្ឋឱ្យបានទៅបោះឆ្នោតគ្រប់គ្នា ប៉ុន្តែការសម្រេចចិត្តក្នុងការបោះឆ្នោតឱ្យគណបក្សណាមួយនោះ គឺជាការសម្រេចចិត្តរបស់ពួកគាត់ផ្ទាល់ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ឬទិញដូរទឹកចិត្តអ្វីឡើយ។

លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។

សារពិសេសរបស់លោក ថោង ខុន គឺថា សំឡេងរបស់សកម្មជន សមាជិក-សមាជិកគណបក្សប្រជាជន ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សប្រជាជន គឺសំខាន់ណាស់ក្នុងការផ្ដល់នូវតម្លៃសច្ចធម៌ប្រវត្តិសាស្ត្រ ពិសេសគឺជាកូនសោក្នុងការបន្តការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងជីវភាពសុខសាន្តតទៅមុខទៀត។

លើសពីនេះ លោកប្រធាន ថោង ខុន ក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋសូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា»។ នៅឃុំច្រនាងនេះ គឺលេខរៀងគណបក្សប្រជាជនកម្ពុជា គឺលេខ៥៕