(កោះកុង)៖ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ បានចូលរួមថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃដំបូងបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។

ក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា មានការចូលរួមក្រោមអធិបតីភាពលោក ប៊ុន លើត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងសមាជិកសមាជិកានិងប្រជាពលរដ្ឋយ៉ាងច្រើន។

លោក ប៊ុន លើត បានថ្លែងថា ប្រទេសជាតិមានសន្តិភាព មានស្ថិរភាព មានសេរីភាពមានការអភិវឌ្ឍមានភាពរីកចំរើនលើគ្រប់វិស័យទាំងអស់នេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា ដូច្នេះថ្ងៃនេះជាថ្ងៃបើកយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ហើយដើម្បីអបអរថ្ងៃបើកយុទ្ធនាការឃោសនា សមាជិកាសមាជិកាបក្សជួបជុំគ្នាដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅពេលនេះ គឺបានបង្ហាញអំពីការរួមនៃកម្លាំង សាមគ្គី ដែលកើតចេញពីសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជា ហើយក៏ជាការបង្ហាញឲ្យឃើញនូវឧត្ដមភាព កិត្យានុភាពរបស់សមាជិកសមាជិកា ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ឲ្យយល់ និងឃើញច្បាស់ អំពីកំលាំងសាមគ្គីដែលគណបក្សប្រជាជនកម្ពុជា បាននាំមកនូវភាពជោគជ័យ ដែលស្ដែងចេញពីមូលដ្ឋាននៅក្នុងថ្ងៃនេះ។

លោកបានបន្ថែមថា មានតែគណបក្សប្រជាជនមួយគត់ ដែលធ្វើឲ្យប្រជាជនទូទាំងប្រទេសស្គាល់នៅសន្តិភាពសេរីភាពសុភមង្គលក្នុងគ្រួសារ និងមានការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ និងការពារនៅអាយុជីវិតប្រជាពលរដ្ឋ។

លោកក៏បានផ្ដាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ ដែលចូលរួមដង្ហែក្បួនចាំបាច់ត្រូវគោរព ឱ្យបានសមស្របទៅតាមលក្ខន្តិកៈ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលបានណែនាំ ជាពិសេសសូមរក្សានូវភាពថ្លៃថ្នូរ វិន័យ និងការគោរពទៅតាមច្បាប់ដែលបានកំណត់ ជៀសវាងការកើតនូវអំពើហិង្សាណាមួយ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់គណបក្សប្រជាជនកម្ពុជា៕