(ភ្នំពេញ)៖ លោក កែប ជុតិមា ប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ ព្រមទាំងថ្នាក់ដឹកនាំចុះជួយតាមមូលដ្ឋានជាច្រើននាក់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំការបើកយុទ្ធនាការឃោសបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៥ នៅក្នុងខណ្ឌ ព្រមទាំងបានលើកឡើងពីសច្ចធម៌ប្រវត្តិ និងគោលនយោបាយកសាងជាតិរបស់គណបក្សប្រជាជន ទៅកាន់សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស។

លោក កែប ជុតិមា បានលើកឡើងនៅចំពោះមុខសមាជិកសមាជិកាជាង៣ពាន់ថា ប្រជាជនឃើញកាន់តែច្បាស់ថែមទៀតនោះគឺក្នុងដំណាក់កាលជំងឺកូវីដ១៩ ដែលសម្ដេចតេជោបានដាក់ចេញយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការពារសុខមាលភាពសាធារណៈប្រជាជន រហូតដល់អាចរុញច្រានការរីករាលដាល់ជំងឺដ៏កាចសាហាវឱ្យបានធូរស្រាលឡើងវិញ។ តាមរយៈការខិតខំផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពង្រឹងភាពស៉ាំក្នុងសហគមន៍ គឺបានជំរុញឱ្យរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចសង្គមឡើងវិញ និងនៅបានបន្តជំរុញឱ្យប្រជាជនចាក់វ៉ាក់សាំងដូសជំរុញថែមទៀត។ ទាំងនេះគឺសម្ដេចតេជោគិតគូរពីអាយុជីវិតប្រជាជនក្នុងប្រទេសកម្ពុជា ដោយសម្តេចតែងបានចាត់ទុកថាអាយុជីវិតប្រជាជនគឺសំខាន់ជាងអ្វីៗទាំងអស់។

លោកប្រធានបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនជាគណបក្សដែលមានវិន័យ ធ្វើអ្វីមានផែនការ មានយុទ្ធសាស្ត្រច្បាស់លាស់ រាប់ទាំងពីការតស៊ូរំដោះប្រជាជន ការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលជាសត្រូវគ្មានរូបគ្មានស្រមោល និងពិបាកប្រឆាំងជាងគេបំផុត។

លោកថា គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាលក៏មិនប្រកាន់និន្នាការនយោបាយរបស់ប្រជាជនឡើយ ពោលគឺតែងគិតគូរពីសុខទុក្ខរបស់ប្រជាជនទូទៅជានិច្ច។ លោកថា កត្តាទាំងនេះដែលដឺងនាំឱ្យប្រជាជននៅតែគាំទ្រជឿជាក់លើគណបក្សប្រជាជនកម្ពុជា ជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់។

លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។

លើសពីនេះ លោកប្រធានក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋសូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា»៕