(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្រុងបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

Facebook របស់លោក សុខ លូ បានបង្ហោះរូបសម្តេចក្រឡាហោម ស ខេង ភ្ជាប់ជាមួយខ្លឹមសារថា «ជយោ ! គណបក្សប្រជាជនកម្ពុជា ! ជយោ ! សន្តិភាព និងការអភិវឌ្ឍ! ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង! ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីសុខសន្តិភាព ភាពសុខដុមរមនា និងភាពចម្រុងចម្រើន របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស»។

សូមជម្រាបថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានឃុំសង្កាត់ចំនួន ១៦៥២ ដែលត្រូវបានបោះឆ្នោតជ្រើសរើសសមាជិក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២៨០០៨នាក់ នៅទូទាំងប្រទេសកម្ពុជា។ ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕