(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃ២១ ខែឧសភា ឆ្នាំ២០២២នេះ ជាថ្ងៃដែលប្រទេសកម្ពុជា រៀបចំយុទ្ធនាការឃោសនារកសំឡេង ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។

សម្រាប់ខេត្ត ពោសាត់គណបក្សប្រជាជនកម្ពុជាខេត្ត ក៏បាននបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតផងដែរ។

ជាក់ស្តែង លោក ទី នរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ចូលរួមបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ រួមជាមួយថ្នាក់ដឹកនាំ ក៏បានដឹកនាំសមាជិកសមាជិកាប្រមាណជាង៣ពាន់នាក់ បានបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតផងដែរ។

លោក ទី នរិន្ទ បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា នាឱកាសយុទ្ធនាការឃោសបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៥ ដែលការបោះឆ្នោតនេះ នឹងធ្វើឡើងនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ លោកបានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកត្រូវខិតខំអនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់រួមមកក្នុងសារលិខិតនេះ។

នៅក្នុងឱកាសនោះលោក ក៏បានលើកឡើងថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ នាពេលនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដើមី្បថែរក្សាការពាររាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស រំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាម រយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ថា «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នា គឺជាសាក្សីរស់ក្នុងការបញ្ជាក់ ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ។

លោកចង់ឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានមនសិកា មានគោលជំហរច្បាស់លាស់ មុននឹងសម្រេចចិត្តបោះឆ្នោត ទោះបីអ្នកណានិយាយអ្វីក៏ដោយក៏មិនអាចកែប្រែគោលជំហររបស់ខ្លួនបានឡើយ។ ប្រជាពលរដ្ឋត្រូវចេះវាយតម្លៃថា គណបក្សដឹកនាំដែលល្អ គឺជាគណបក្សដែលមានមាគ៌ា ដឹកនាំត្រឹមត្រូវ គឺជាគណបក្សដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនមានជីវភាពការរស់នៅសុខស្រួល ដែលនោះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននិងកំពុងគោលនយោបាយទាំងនេះ។

សូមបញ្ជាក់ថា ក្នុងការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នៅថ្ងៃនេះ បានធ្វើឡើងតាមរថយន្តតូច ធំ ម៉ូតូ និងម៉ូតូរឺម៉ក់ជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យនៃគោលនយោបាយរបស់គណបក្ស៕