(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅឃុំត្បែង១ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសមាជិក សមាជិកាបក្សក្នុងឃុំត្បែងមួយជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក សំ លាងទ្រី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខ និងជីវភាពរបស់នៅរបស់សមាជិកបក្សយើងគ្រប់ៗរូប។

លោក សំ លាងទ្រី បានថ្លែងជម្រាបជូនប្រជាពលរដ្ឋ សមាជិកសមាជិកាគណបក្សក្នុងឃុំត្បែងមួយ ពីការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះវិហារ ពិសេសការរីកចម្រើនរបស់ស្រុកសង្គមថ្មី ដែលរហូតមកដល់ថ្ងៃនេះ សមិទ្ធិផលជាច្រើនត្រូវបានក្រុមការងារសាងសង់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដូចជា ស្ពានឆ្លងស្ទឹងស្តៅ ស្ពាននៅក្រពើ៥ ខ្លោងទ្វារនិងរូបដំរីមួយគូរនៅវត្តទក្សិណគីរីហៅវត្តសំឡាញ ក៏ដូចជាសមិទ្ធិផលជាច្រើនទៀត។

លោក សំ លាងទ្រី បានថ្លែងប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសមាជិកសមាជិកាគណបក្សក្នុងឃុំត្បែងមួយ ពីការកាសាងសមិទ្ធិផលជាច្រើនទៀតនាពេលអនាគត ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ដោយលោកសំណូមពរឱ្យមានការ ចូលរួមពីប្រជាពលរដ្ឋ សមាជិកសមាជិកាបក្ស ហើយការចូលរួមរបស់ប្រជាពលរដ្ឋ មិនបាច់ចូលរួមជាថវិកានោះទេ គ្រាន់តែគាំទ្រគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជជនកម្ពុជា ពិសេសចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា គឺជាការស្រេច។ លោកថា គណបក្សប្រជាជនកម្ពុជានាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់បែបយ៉ាងជូនប្រជាជន៕