(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ ស្ថិតនៅទីស្នាក់គណបក្សប្រជាជនកម្ពុជាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក ម៉ម ប៊ុននាង បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់គ្នាបានរស់នៅជាមួយសុខសន្តិភាពយ៉ាងពេញលេញ ដែលកើតចេញពីការខិតខំប្រឹងប្រែងកសាង និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យប្រទេសជាតិដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ប្រែក្លាយជាប្រទេសដែលមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដោយមានការទទួលស្គាល់ និងកោតសរសើរពីបណ្តាប្រទេសក្នុងតំបន់ និងសាកលលោក។

ជាក់ស្តែង ក្នុងរយៈពេលដ៏ខ្លី នៅស្រុកកណ្តាលស្ទឹង បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព អណ្តូងទឹក ស្រះទឹក ប្រឡាយទឹក វត្តអារាម ជាដើម។ ជាពិសេសរដ្ឋបាលមូលដ្ឋានគ្រប់ជាន់ថ្នាក់បានរួមសុខ រួមទុកជាមួយប្រជាពលរដ្ឋនិងបានយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ។

លោក ម៉ម ប៊ុននាង បានណែនាំដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួនជាស្រេច ពិសេសត្រូវមានអត្តសញ្ញាប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណនានាបម្រើឱ្យការបោះឆ្នោតខាងមុខ ដើម្បីទៅបោះឆ្នោតឱ្យបានទាំងអស់គ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ក្នុងការរក្សាសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងអភិវឌ្ឍកាន់តែខ្លាំងឡើងបន្ថែមទៀត៕