(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានជូនដំណឹងពីការចាក់វ៉ក់សាំងបង្ការជំងឺកូវីដ១៩ ដួសទី៥ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋគោលដៅអាទិភាព នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៥បន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩និងជាពិសេសដើម្បីបន្តរក្សានូវនិរន្តភាព នៃដំណើរការជាប្រក្រតីភាពនូវការរស់នៅ រួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិ ក៏ដូចជាការពារអាយុជីវិតរបស់ប្រជាជន»

ក្នុងន័យនេះ ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្តី អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងដំណើរការ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ ជូនដល់លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជននិងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ និងក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់ពី១២ឆ្នាំឡើងចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ហើយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៤និងមានគម្លាតចាប់ពី០៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៤ នៅទីតាំងទាំង៤១ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលបានកំណត់ជូនក្នុងតារាងឧបសម្ព័ន្ធ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖