(កំពង់ធំ)៖ លោកស្រី ង៉ែត ណារីន ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំឈូក ស្រុកប្រាសាទសំបូរ ដឹកនាំក្រុមការងារនិងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើនរូប បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី៥ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

លោកស្រី ង៉ែត ណារីន បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាផ្ញើជូនសមាជិកសមាជិកាគណបក្សទាំងអស់និងអានផែនការអភិវឌ្ឍន៍ឃុំ២០២២-២០២៧ ព្រមទាំង បង្ហាញ និងការប្ដេជ្ញាចិត្តរបស់បេក្ខជនរួចមក។

លោកស្រី បានលើកឡើងថា អ្វីដែលបងប្អូនប្រជាពលរដ្ឋទាំងអស់មើលឃើញពីទង្វើសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាដែលបានសន្យាហើយធ្វើជាក់ស្ដែង និងបានរួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាទូទាំងប្រទេសពិសេសការមិនយកពន្ធដីធ្លី ស្រែចំការ ពីបងប្អូនប្រជាពលរដ្ឋគឺជាការរួម ចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយនៅភាពក្រីក្រ ជាក់ស្ដែងនៅក្នុងតំបន់មូលដ្ឋាន ពិសេសគណបក្សប្រជាជនកម្ពុជារួមរស់ជាមួយប្រជាជនដើម្បីប្រជាជននិងរក្សាសន្តិភាពដើម្បីប្រជាជន។

សកម្មភាពទាំងអស់នេះហើយ ដែលបងប្អូនទាំងអស់បានមើលឃើញនិងជឿជាក់លើគណបក្សប្រជាជនកម្ពុជាហើយក៏បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនគ្រប់អាណត្តិកន្លងមក។

លោកស្រីបានបន្ថែមទៀតថា ដោយសារមួយរយៈពេលចុងក្រោយនេះប្រទេសកម្ពុជាជួបនូវបញ្ហាសកល ជាពិសេសគឺជាការរីករាលដាលនៃជំងឺកូវីដ១៩ មិនថាប្រទេសកម្ពុជានោះទេ គឺវាប៉ះពាល់ដល់ប្រទេសទាំងអស់លើសកលលោក ដូច្នេះ ហើយការអភិវឌ្ឍន៍ឃុំសង្កាត់កន្លងមកមានការយឺតយ៉ាវបន្តិចដោយសាររាជរដ្ឋាភិបាលបានផ្ដោតទៅលើការទប់ស្កាត់នៃជំងឺកូវីដ១៩ ក៏ប៉ុន្តែយើងមិនមែនមានន័យថាយើងមិនបានគិតគូរទៅលើតំបន់មូលដ្ឋានទេ គ្រាន់តែរយៈពេលនេះយើងមានពេលតិចតួចបំផុតក្នុងការជួបជាមួយបងប្អូនប្រជាពលរដ្ឋទើបតែរយៈពេលនេះរាជរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញនេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទូទាំងប្រទេសបូកផ្សំរួមនឹងការអនុវត្តបីកុំបីការពាររ ទើបថ្ងៃនេះបងប្អូនសមាជិកគណបក្សទាំងអស់បានចូលរួមជុំគ្នា។

ចុងបញ្ចប់លោកស្រីបានក្រើនរំលឹកដល់បេក្ខភាពឈរឈ្មោះពេញសិទ្ធិក្តីបម្រុងក្តីត្រូវតែខិតខំសាមគ្គីគ្នាដោះស្រាយនូវបញ្ហាប្រឈមនានាជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាពិសេសត្រូវលើផែនការស្នូលដែលជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍ឃុំជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា៕