នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ស៊ិន សុខ អតីតប្រធានមន្ទីរសាលាក្រុងភ្នំពេញ ឆ្នាំ១៩៧៩
21-05-2022 19:33
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទ បានផ្ញើសារសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុតជូនចំពោះ លោកស្រី វង្ស សារី ចំពោះមរណភាព លោក ស៊ិន សុខ ជាទីប្រឹក្សារបស់សម្តេចផ្ទាល់ និងជាអតីតប្រធានមន្ទីរសាលាក្រុងភ្នំពេញឆ្នាំ១៩៧៩ ដែលបានទទួលមរណភាព នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
តាមរយៈសារលិខិតរំលែកទុក្ខ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា « ខ្ញុំសូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេង ព្រមទាំងសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តម ស៊ិន សុខ ជាឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយ ព្រហ្មវិហារធម៌ និងទឹកចិត្តសណ្ដោសប្រណីដ៏ថ្លៃថ្លាបំផុត»។
មរណភាពរបស់លោក ស៊ិន សុខ គឺជាការបាត់បង់អ្នកស្នេហាជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន។ រូបកាយរបស់លោក ស៊ិន សុខ បាត់បង់ទៅក៏ពិតមែន ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពតស៊ូ អំណត់ ព្យាយាម នឹងនៅស្ថិតស្ថេរ ជានិច្ចនិរន្តរ៍នៅក្នុងសន្តានចិត្តកូនចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់។
លោកក៏បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោក ស៊ិន សុខ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕