(សូរិក-ស្វីស)៖ ថ្លែងចេញពីទីក្រុងហ្សូរិច ប្រទេសស្វីស នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកអំពីរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកម្ពុជាបានជួបប្រទះនាពេលកន្លងមក ជូនដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។ ក្នុងនោះសម្ដេចបានបញ្ជាក់ថា យុទ្ធសាស្ដ្រក្នុងការចាក់ស្រោចនូវវ៉ាក់សាំង គឺជាអាវុធមួយដ៏សំខាន់ ក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ។

ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុប សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ៥២លានដូស ហើយ៤២លានដូសត្រូវបានប្រើប្រាស់ ក្នុងនោះមាន ២៨.៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ ដែលនេះបង្ហាញថា កម្ពុជាមិនបណ្តែតបណ្តោយឲ្យពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «វ៉ាក់សាំងបានមកដល់កម្ពុជា ចំនួន៥២លានដូស យើងបញ្ចេញទៅប្រើប្រាស់អស់៤២លានដូស ក្នុងនោះប្រភពដែលកម្ពុជាខ្លួនឯងទិញ មាន២៨.៥លានដូស លើសជាងពាក់កណ្ដាល។ បានសេចក្ដីថា រាជរដ្ឋាភិបាលអត់បណ្ដោយឲ្យប្រជាជនរបស់ខ្លួនស្លាប់ដោយគ្មានវ៉ាក់សាំង ឬដោយគ្មានថ្នាំព្យាបាលនោះទេ»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្រៅពីវ៉ាក់សាំងដែលកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញជាង៥០ភាគរយនោះ ក៏មានការផ្ដល់ជំនួយពីបណ្ដាប្រទេសជាមិត្តផងដែរ ក្នុងនោះ រួមមាន ចិន ជប៉ុន អាមេរិក អ៉ីតាលី ហុងគ្រី ប៉ូឡូញ ហូឡង់ អូស្ដ្រាលី និងបណ្ដាប្រទេសមួយចំនួនទៀត ដែលបានត្រឹមបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ មកឲ្យកម្ពុជាជាបន្ដបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទទួលបានជោគជ័យ ដោយសារតែកម្ពុជា បានដាក់ចេញកម្មវិធីចាក់ដោយការចាក់ប្រមូលផ្តុំនៅភ្នំពេញ និងខេត្តកណ្តាល ឲ្យបានជោកជាំទើបបន្តចាក់ទៅកាន់ខេត្តដទៃ ទើបពង្រាយវ៉ាក់សាំងចេញក្រៅ ដែលសម្ដេចបានហៅយុទ្ធសាស្ដ្រនេះថា «អភិក្រមផ្ការីក»។ សម្ដេចបានអះអាងទៀតថា ការចេញដំណើរនៃការចាក់វ៉ាក់សាំង មិនបានត្រឹមត្រូវទេនោះ ភាពស៉ាំសហគមន៍មិនរឹងមាំនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ប្រទេសមួយចំនួនមានវ៉ាក់សាំងដែរ ប៉ុន្ដែមិនមានភាពរឹងមាំដូចកម្ពុជា ដោយសារតែបណ្ដាប្រទេសនោះ បែងចែកវ៉ាក់សាំងមិនបានត្រឹមត្រូវ មានន័យថា អ្នកដែលមិនបានចាក់ ច្រើនជាងអ្នកដែលបានចាក់ ដូច្នេះមិនមានភាពស៉ាំសហគមន៍រឹងមាំនោះទេ។

ពាក់ព័ន្ធវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វ៉ាក់សាំងមិនមែនត្រឹមតែទប់ស្កាត់មិនឲ្យឆ្លងជំងឹកូវីដ១៩នោះទេ ពោលវ៉ាក់សាំងបានជួយការពារសុខភាពប្រជាជនពីជំងឺផ្សេងទៀត ដូចជាផ្ដាសាយជាដើម។ ទាំងអស់នេះ បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា មើលឃើញថា វ៉ាក់សាំងនៅតែដើរតួនាទីសំខាន់ដែលយើងត្រូវតែបន្ដខិតខំប្រឹងប្រែងជំរុញការងារនេះ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៥ ដល់ប្រជាពលរដ្ឋខ្មែរ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២តទៅ សម្រាប់អ្នកដែលបានចាក់ដូសទី៤ រួចហើយ ដែលមានគម្លាតរយៈពេល៣ខែ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលបានចាក់ដូសទី៤ រួចហើយកន្លងមកនៅក្នុងប្រទេសកម្ពុជា មានដូចជា មន្រ្តីរាជការ អ្នកការទូត អ្នកសារព័ត៌មាន និងសិល្បករសិល្បការិនីជាដើម។

គិតត្រឹមយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០១៩,៣៩២នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣១៣,២៦៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៧,៦៩៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៦៧,៩៦៧នាក់
៤៖ អាយុ៥ឆ្នាំ ៤០១,៨៦៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៩៨,៥៩៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,០៩៦,៧២១នាក់ និងដូសទី៤ ចំនួន ២,៣៤៣,៥៨៥នាក់៕