(កំពង់ស្ពឺ)៖ នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តកំពង់ស្ពឺ អមដំណើរដោយលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការបក្សខេត្ត បានអញ្ជើញបើកយុទ្ធនាការឃោសនានៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា សមាជិកសមាជិកាគណបក្ស គឺជាកម្លាំងស្នូលក្នុងការស្វែងរកសំលេងឆ្នោតជូនគណបក្ស។ លោកក៏បានផ្តាំផ្ញើឱ្យមន្រ្តីគណបក្សខិតខំបំពេញភារកិច្ចឱ្យបានម៉ឺងម៉ាត់ និងគោរពតាមបទបញ្ញត្តិនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សូមបញ្ជាក់ថា នៅទូទាំងប្រទេស ក៏ដូចជាខេត្តកំពង់ស្ពឺ គ្រប់គណបក្សនយោបាយកំពុងតែសស្រាក់សស្រាំឃោសនារកសំលេងឆ្នោតរៀងៗខ្លួន ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ដែលនេះជាដំណើរការប្រជាធិបតេយ្យ ដែលតែងតែរៀបចំជាប្រចាំនៅកម្ពុជា៕