(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកប្រាសាទសំបូរ បានថ្លែងថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលអាចរក្សាបាននូវសុខសន្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ ។

លោកថ្លែងយ៉ាងដូច្នេះ ក្នុងពិធីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ស្ថិតនៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ដោយអញ្ជើញ ចូលរួមពីលោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក ញ៉ឹក បានខេង អភិបាលរងខេត្ត លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទនិងសមាជិក សមាជិកា ប្រមាណជាង ៤០០ នាក់។

លោក ឈុន ឈន់ បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដូច្នេះហើយសមាជិក សមាជិកា ដែលជាបេក្ខជនពេញសិទ្ធិ នឹងបេក្ខជនបម្រុងត្រូវតែរួមសហការគ្នាផ្សព្វ ផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលពិសេស សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឲ្យពួកគាត់យល់ពីទឹកចិត្តសន្ដោសប្រណី នឹងក្តីនឹករឭកចំពោះបងប្អូនទាំងអស់ ទោះបីជាពេលនេះ សម្ដេចមិនបានមកជួបផ្ទាល់ក៏ដោយ។

លោកបន្តថា បងប្អូនសមាជិកទាំងអស់មើលឃើញហើយសមិទ្ធផលនានា មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ដែលថ្នាក់ប្រជាជនកម្ពុជា បានកសាងឡើង គឺដើម្បីរួមរស់រួមសុខរួមទុក្ខ ជាមួយបងប្អូនទាំងអស់មិនតែប៉ុណ្ណោះ គណបក្សប្រជាជនកម្ពុជា បានចូលរួមដ៏ធំធេងក្នុងការថែរក្សានូវសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ទាំងនេះ ដែលសបញ្ជាក់ឲ្យឃើញថា មានតែគណបក្សប្រជាជនគត់ ដែលបានថែរក្សានូវសុខសន្តិភាពសម្រាប់បងប្អូនទាំងអស់ ហើយសន្តិភាពនេះហើយ មិនមានអ្វីមកដោះដូរនិងប្រៀបផ្ទឹមបានឡើយ។

លោកបានអំពាវនាវសូមសមាជិកសមាជិកាទាំងអស់ ត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺជាការបោះឆ្នោត ដើម្បីដណ្ដើមយកអំណាច ដូច្នេះបេក្ខភាពឈរឈ្មោះទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទទួលបាននូវជ័យជំនះសម្រាប់គណបក្ស ប្រជាជនទាំងមូលក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ។ ម្យ៉ាងវិញទៀតយើងត្រូវតែជំនះឲ្យបាន នៅជនអគតិមួយចំនួនដែលបានបំភាន់ការពិត និយាយមួលបង្កាច់ដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានការភាន់ច្រឡំ។

ក្នុងនាមជាប្រធានក្រុមការងារ ចុះជួយស្រុកប្រាសាទសំបូរ លោកក៏បានសំណូមពរ និងជំរុញដល់សមាជិកសមាជិកាគណបក្សទាំងអស់ ត្រូវតែជំរុញដល់សមាជិកដទៃទៀត ដើម្បីឲ្យពួកគាត់ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ទៅដល់បងប្អូននៅតាមមូលដ្ឋានជាក់ស្ដែង ដើម្បីឲ្យពួកគាត់យល់ច្បាស់ និងចូលរួមបោះឆ្នោតគឺគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នា៕