(ព្រះវិហារ)៖ លោក អ៊ុង វុឌ្ឍី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុករវៀង និងលោក ពឹង ទ្រីដា អនុប្រធានក្រុមការងារខេត្តចុះជួយស្រុករវៀង និងជាប្រធានក្រុមការងារចុះជួយឃុំរបៀបនិងឃុំរមទម ដោយមានការចូលរួមពី លោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង បានដឹកនាំ សមាជិក សមាជិកា បក្សដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅឃុំរបៀប ស្រុករវៀង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនេះដែរ លោក អ៊ុង វុឌ្ឍី បានថ្លែងជម្រាបជូន សមាជិក សមាជិកា បក្សពីការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ហើយតាមបណ្ដាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស។

លោក អ៊ុង វុឌ្ឍី ក៏បានថ្លែងអំពាវនាវដល់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមគៀងគរ ញាតិមិត្ត បងប្អូន ឪពុកម្ដាយ ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជារបស់យើង ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋានរបស់យើងឲ្យកាន់តែរីកចម្រើនថែមទៀត៕