(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានដាក់ចេញនូវទិសដៅធំៗចំនួន៧ ក្នុងគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ ឆ្នាំ២០២២-២០២៧។ គោលនយោបាយនេះ បាន និងកំពុងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅក្នុងការហែក្បួន និងការជួបជុំតាមមូលដ្ឋាននានារបស់គណបក្សប្រជាជនកម្ពុជា អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

តាមខ្លឹមសារគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ក្នុងគោលនយោបាយទាំង ៧ចំណុច គណបក្សប្រជាជនកម្ពុជា ធានាបន្តការអភិវឌ្ឍឃុំសង្កាត់ ឱ្យបានសម្រេចជោគជ័យតាមទិសដៅដូចខាងក្រោម៖

ចំណុចទី១៖ ជាឃុំ សង្កាត់ដែលធានាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនតាមគន្លងនីតិរដ្ឋ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព។

ចំណុចទី២៖ ជាឃុំ សង្កាត់ដែលមានសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមកាន់តែល្អប្រសើរ។

ចំណុចទី៣៖

* ជាឃុំ សង្កាត់ដែលធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត
* ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលប្រកបដោយភាពងាយស្រួល សាមញ្ញ និងឆាប់រហ័ស តាមរយៈការរៀបចំយន្ដការច្រកចេញចូលតែមួយ
* ការចុះបញ្ជីកំណើតបញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនដោយឥតគិតថ្ល
* កុមារ និងយុវជនបានរៀនសូត្រគ្រប់គ្នាប្រកបដោយសមធម៌ និងគុណភាព ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋ ការបង្កឱកាសគ្រប់យ៉ាងឱ្យកុមារ និងយុវជនបានចូលរៀន និងការបង្ខិតសាលារៀនឱ្យទៅជិតលំនៅឋានប្រជាជន
* ប្រជាជនទូទៅទទួលបានសេវាសុខភាពកាន់តែប្រសើរឡើង នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ហើយចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់របៀបរស់នៅតាមគន្លងថ្មី ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ
* គ្រប់ឃុំ សង្កាត់មានផ្លូវគមនាគមន៍កាន់តែច្រើន និងកាន់តែល្អ, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធទឹកស្រោចស្រពដំណាំកាន់តែប្រសើរឡើង, មានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព, មានបរិស្ថានបៃតង អនាម័យស្អាត, មានការការពារ ការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព
* បន្តមិនយកពន្ធដីកសិកម្មរបស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ បែងចែកដី និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រគ្មានដី សម្រាប់ស្នាក់នៅ និងបង្កបង្កើនផលចិញ្ចឹមជីវិត ដែលបានអនុវត្តស្របតាមលក្ខខណ្ឌសម្បទានដីសង្គមកិច្ច

ចំណុចទី៤៖ ជាឃុំ សង្កាត់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពប្រជាជន តាមរយៈការបង្កើនការងារ, ការពង្រីកមុខរបរ ការអភិវឌ្ឍវិស័យកសិកម្ម និងផលិតកម្មផ្សេងៗទៀត, ការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្ម និងសិប្បកម្ម, ការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាបសមរម្យសម្រាប់បង្កើត និងពង្រីកមុខរបរ, ការរក្សាស្ថិរភាពថ្លៃស្បៀងអាហារ និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ,ការធ្វើអន្តរាគមន៍ពីរដ្ឋ លើថ្លៃលក់កសិផលរបស់ប្រជាពលរដ្ឋ ដោយរក្សាបានសេដ្ឋកិច្ចទីផ្សារ និងសន្តិសុខសង្គម អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋ មានសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះជូនកូនចៅ ឬអ្នកដទៃ

ចំណុចទី៥៖ ជាឃុំ សង្កាត់ដែលលើកកម្ពស់ការគាំពារសង្គម និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្រ្តី យុវជន កុមារ ជនមានពិការភាព ជនចាស់ជរា ជនជាតិដើមភាគតិច អតីតយុទ្ធជន គ្រួសារក្រីក្រ និងប្រជាជនងាយរងគ្រោះផ្សេងទៀត

ចំណុចទី៦៖ ជាឃុំ សង្កាត់ ដែលលើកកម្ពស់គណនេយ្យភាព ចំពោះប្រជាពលរដ្ឋ យុត្តិធម៌សង្គម និងភាពស្អាតស្អំ គ្មានការរំលោភអំណាច និងគ្មានអំពើពុករលួយ

ចំណុចទី៧៖ ជាឃុំ សង្កាត់ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីធានាការអភិវឌ្ឍមូលដ្ឋាន និងការការពារផលប្រយោជន៍របស់ប្រជាជន៕