(ភ្នំពេញ)៖ ស្ថានទូតជប៉ុន និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានរៀបចំការប្រឡងប្រជែងថ្លែងសុន្ទរកថា ភាសាជប៉ុន លើកទី២៤ នៅកម្ពុជា ដោយបានរកឃើញម្ចាស់ជយលាភីចំនួន ៥រូប។

ការប្រកួតប្រជែងថ្លែងសន្ទរកថាភាសាជប៉ុន បានធ្វើឡើងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ នៅ CJCC ដោយមានការចូលរួមពីសំណាក់លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា។

ម្ចាស់ជយលាភីទាំង ៥រូបនេះ រួមមាន៖ សម្រាប់ក្រុមទី១ ជយលាភីលេខ១ កញ្ញា តេត សុខឃី, លេខ២ វី រីតា, លេខ៣ សន ចាន់រ៉ាត់ និងសម្រាប់ក្រុមទី២ លេខ១ សាមុត ឆៃយ៉ា លេខ២ នាង ចន្ទនិត។ សម្រាប់បេក្ខជន បេក្ខនារីជយលាភីទាំង៥រូបនេះ ត្រូវបានបែងចែកជា២ក្រុម គឺក្រុមមិនធ្លាប់ទៅប្រទេសជប៉ុន មាន៣រូប និងក្រុមអ្នកធ្លាប់ទៅជប៉ុន មាន២រូប។

លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានថ្លែងថា ការរៀនភាសាជប៉ុននឹងធ្វើឱ្យការយល់ដឹងរបស់ក្មួយៗកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមជប៉ុន ហើយក្លាយជាស្ពានតភ្ជាប់រវាងប្រទេសយើងទាំងពីរ។ មិនត្រឹមតែប្រទេសជប៉ុនប៉ុណ្ណោះទេ វាក៏នឹងក្លាយជាឱកាសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក និងពង្រីកបណ្តាញក្នុងការផ្លាស់ប្តូរកាន់តែស៊ីជម្រៅជាមួយប្រជាជនមកពីប្រទេសផ្សេងៗដែលរៀនភាសាជប៉ុន។

ទូតជប៉ុន បានគូសបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា វានឹងក្លាយជាទ្រព្យសម្បត្តិមួយរបស់ក្មួយៗនាពេលអនាគត។ រដ្ឋាភិបាលជប៉ុន បាននឹងកំពុងរៀបចំកម្មវិធីផ្លាស់ប្ដូរផ្សេងៗ ដល់អ្នកសិក្សាភាសាជប៉ុន និងយុវជនដែលចាប់អារម្មណ៍លើប្រទេសជប៉ុន។ ខ្ញុំជឿជាក់ថាក្មួយៗប្រាកដជាធ្លាប់បានឮអំពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) JENESYS ជាដើមដូច្នេះ ប្រសិនបើក្មួយៗមានឱកាសសូមដាក់ពាក្យ ហើយចូលរួមកុំបីខាន»

ជាមួយគ្នានេះ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានឱ្យដឹងថា ឆ្នាំក្រោយ ឆ្នាំ២០២៣ នឹងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ ដោយសារស្ថានភាពកូវីដ១៩ បង្ហាញសញ្ញានៃការបញ្ចប់ ដូច្នេះស្ថានទូតនឹងខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍបន្ថែមទៀតនូវការផ្លាស់ប្ដូរទៅវិញទៅមករបស់ប្រជាជន និងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជប៉ុន និងកម្ពុជា ដែលបានរីកចម្រើនជាលំដាប់។

លោកបានបន្តថា សម្រាប់ការប្រឡងថ្ងៃនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសមាគម ក្រុមហ៊ុនជប៉ុន នៅកម្ពុជា និងក្រុមហ៊ុនខ្មែរ ដែលចាប់អារម្មណ៍ការផ្សព្វផ្សាយភាសា និងវប្បធម៌ជប៉ុន។ ដើម្បីឱ្យការអប់រំភាសាជប៉ុនមានការពេញនិយម គ្រូបង្រៀន និងអ្នកសិក្សាភាសាជប៉ុន ចាំបាច់ត្រូវតែខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ ហើយមិនអាចខ្វះបាននូវការគាំទ្រដោយសង្គមជនជាតិជប៉ុន នៅកម្ពុជា និងក្រុមហ៊ុនខ្មែរដែលចាប់អារម្មណ៍ការផ្សព្វផ្សាយភាសា និងវប្បធម៌ជប៉ុន។

គួរបញ្ជាក់ថា ការប្រឡងប្រជែងថ្លែងសន្ទរកថា ភាសាជប៉ុន គឺជាឱកាសពិសេសមួយដើម្បីបង្ហាញកម្រិតដ៏ធំទូលាយនៃការថ្លែងសន្ទរថា ដ៏អស្ចារ្យរបស់សិស្សានុសិស្ស នៃបណ្ដាលសាលាភាសាជប៉ុន ជាច្រើននៅកម្ពុជា៕