(ព្រៃវែង)៖ លោក មៀច សុផាន់ណា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលស្រុកពារាំង និងជាប្រធានក្រុមការងារឃុំមេសរប្រចាន់ បានអញ្ជើញដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានសមាជិក សមាជិកាជិត១,០០០នាក់ចូលរួម នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ស្ថិតនៅឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក មៀច សុផាន់ណា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលបានស្ថិតនៅជាប់ជានិច្ចក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ព្រោះគណបក្សដ៏រឹងមាំ ដែលបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន សុខសន្តិភាព មានការផ្លាស់ប្តូរយ៉ាងធំធេងពីមួយអាណត្តិ ទៅមួយអាណត្តិ និងបង្កើតបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២។ ការឃោសនានេះ មានរយៈពេល២សប្តាហ៍ រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ទើបបិទបញ្ចប់៕