(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តដឹកនាំក្រុមការងារ និងសមាជិកគណបក្សប្រជាជនកម្ពុជាចុះបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ថ្លែងនៅចំពោះមុខសមាជិកគណបក្ស លោកបណ្ឌិត ពេជ សោភ័ន បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលបានរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋអស់រយៈពេលជាង ៤០ឆ្នាំមកហើយ ហើយមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋម្ដងណានោះទេ។ គណបក្សប្រជាជនកម្ពុជា បានលះបង់និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សំលាប់របស់របបខ្មែរក្រហម ពោលយើងបានប្លាស់ប្ដូពីប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ប្រទេសជាតិមានសុខសន្តិភាព»

លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងបន្តថា ប្រទេសកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ កំពុងតែមានមុខមាត់នៅលើឆាកអន្តរជាតិ ខណៈដែលបច្ចុប្បន្នកម្ពុជាគឺជាប្រធានអាស៊ាន ជាពិសេសនៅក្នុងការធ្វើសង្រ្គាមជាមួយជំងឺកូវីដ១៩ ប្រទេសកម្ពុជាយើងបានប្រយុទ្ធបានជោគជ័យ ដោយជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមប្រទេសជាង២០០។ ភាពជោគជ័យនេះ គឺមិនមែនកើតមានឡើងដោយចៃដន្យនោះទេ វាកើតឡើងដោយសារតែរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មានមេដឹកនាំឈ្លាសវៃដោយបានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់និងត្រឹមត្រូវ។

ឆ្លៀតនៅក្នុងឱកាសនោះលោកបណ្ឌិត ពេជ សោភ័ន បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀត ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍មូលដ្ឋានប្រជាពលរដ្ឋ កាន់តែរីកចម្រើនថែមទៀត ជាពិសេសដើម្បីថែរក្សាសុខសន្តិភាពប្រទេសកាន់តែយូអង្វែងទៅមុខទៀត៕