(កំពង់ស្ពឺ)៖ លោក ប៉ាន់យ៉ារក្ស ភូនសាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូ នៃវិស័យឯកជនថៃ នៅក្នុងប្រទេសកម្ពុជា ធ្វើដំណើរទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដើម្បីយល់ដឹងអំពីវឌ្ឍនភាព នៃការដំណើរការងាររបស់វិទ្យាស្ថាន និងសិក្សាស្វែងយល់អំពីទស្សនៈ ចំពោះវិស័យអប់រំតាមការតាំងព្រះរាជហឬទ័យ របស់ព្រះម្ចាស់ក្សត្រី មហាចក្រី សុរិន្ទថន នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ក៏បានរួមគ្នាបរិច្ចាគជារបស់ប្រើប្រាស់ សម្ភារៈបរិក្ខារវិជ្ជសាស្រ្ត សម្ភារៈសំណង់ និងឧបករណ៍ផ្សេងៗជាច្រើនទៀត ជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ការិយាល័យអប់រំស្រុងថ្ពង់ មន្ទីរពេទ្យបង្អែកអមលាំង វត្តត្រពាំងផ្នៅ ដើម្បីសាងនូវឱកាសការសិក្សា និងជាចំណែកមួយនៃការអភិវឌ្ឍន៍សហគមន៍ ដែលនៅជុំវិញវិទ្យាស្ថាន ដើម្បីឲ្យមានការអភិវឌ្ឍន៍ព្រមៗគ្នា ជាមួយវិទ្យាស្ថានបានយ៉ាងមានចីរភាព។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន KUBOTA CAMBODIA ក្រុមហ៊ុន KUBOTA Leasing និងតំណាងចែកចាយ KUBOTA ភ្នំពេញ និងកំពង់ស្ពឺ បានរួមគ្នា នៅក្នុងការបរិច្ចាកឧបករណ៍កសិកម្ម របស់ប្រើប្រាស់ និងកម្មវិធីបណ្ដុះបណ្ដាលការប្រើប្រាស់ និងថែទាំជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដើម្បីជាឧបករណ៍នៅក្នុងការបង្រៀន និងរៀនជូនដល់សិស្ស និស្សិត និងដើម្បីបម្រើជាប្រយោជន៍ ផ្នែកកសិកម្មដោយផ្ទាល់ ជូនដល់វិទ្យាស្ថាន និងសហគមន៍ដែលនៅជុំវិញផងដែរ៕