(ភ្នំពេញ)៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ (ស៊ីថេប) ដែលជាអង្គការក្រៅ រដ្ឋាភិបាលដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជា។ អនុលោមតាម អនុស្សរណៈយោគយល់នេះ អង្គការស៊ីថេប សហការជាមួយនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ការអប់រំសរសេរកូដនៅក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសទូទាំងប្រទេសកម្ពុជា ។

វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសដំបូង ដែលស៊ីថេបបានជួយ គឺវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ក្នុងខេត្តស្វាយរៀង។ ស៊ីថេបបានផ្តល់កុំព្យូទ័រ ៥០ គ្រឿង សម្ភារបង្រៀន និងការបណ្តុះបណ្តាលគ្រូជាដើម។ ចាប់តាំងពីខែមករា ឆ្នាំ ២០២២ មក មានសិស្ស៤៤០ នាក់ សរុប១៥ថ្នាក់ បាននិងកំពុងសិក្សាកម្មវិធីសរសេរកូដ Scratch នៅក្នុងសាលា។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដែលរៀបចំឡើងដោយនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈក្នុងខែមករា ឆ្នាំ ២០២២។ ប្រធានអង្គការស៊ីថេប បានធ្វើបទបង្ហាញស្តីពីកម្មវិធីសិក្សាសរសេរកូដ និងបានស្នើឱ្យលើកកម្ពស់ការអប់រំសរសេរកូដនៅក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ទាំង១៣ នៅក្នុងប្រទេសកម្ពុជា។

វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន នឹងចាប់ផ្តើមវគ្គសិក្សាសរសេរកូដនៅខែមិថុនា ឆ្នាំ២០២២។ លោកគ្រូអ្នកគ្រូ បានទទួលការបណ្តុះបណ្តាលដោយស៊ីថេប ទាំងនៅសាលាផ្ទាល់និងតាមរយៈអនឡាញ។ ការសរសេរកូដគឺជាអ្វី? ការសរសេរកូដ ដែលជួនកាលគេហៅថា ការសរសេរកម្មវិធីកុំព្យូទ័រ គឺជារបៀបដែលយើងប្រាស្រ័យទាក់ទងជាមួយកុំព្យូទ័រ។ កូដប្រាប់កុំព្យូទ័រនូវសកម្មភាពដែលត្រូវអនុវត្ត ហើយការសរសេរកូដ គឺដូចជាការបង្កើតសំណុំនៃការណែនាំ។ តាមរយៈការរៀនសរសេរកូដ មនុស្សម្នាក់អាចប្រាប់កុំព្យូទ័រនូវអ្វីដែលត្រូវធ្វើ ឬរបៀបប្រព្រឹត្តតាមរបៀបដែលលឿនជាងមុន។ ការសរសេរកូដឥឡូវនេះត្រូវបានបង្រៀននៅសាលាបឋមសិក្សានៅសហរដ្ឋអាមេរិក អឺរ៉ុប។ល។

ហេតុអ្វីការអប់រំសរសេរកូដមានសារៈសំខាន់? ការអប់រំសរសេរកូដអាចឱ្យសិស្សទទួលបានការយល់ដឹងយ៉ាងច្បាស់លាស់នៃគោលគំនិតសរសេរកូដ អភិវឌ្ឍជំនាញការគិតក្នុងការគណនាសំខាន់ៗ និងបង្កើតកម្មវិធីអែប (Apps) ផ្ទាល់ខ្លួន គេហទំព័រ ហ្គេម និងអ្វីៗជាច្រើនទៀត។ វាក៏ជួយសិស្សឱ្យស្វែងរកការងារកាន់តែប្រសើរផងដែរ។ ក្រុមហ៊ុនស្វែងរកបុគ្គលិកដែលចេះសរសេរកូដ ពីព្រោះអ្នកសរសេរកូដអាចធ្វើឱ្យមានភាពប្រសើរក្នុងការទំនាក់ទំនងបុគ្គលិក ការពេញចិត្តរបស់អតិថិជន និងប្រសិទ្ធភាពអាជីវកម្ម។ ការសរសេរកូដអាចបំបាត់គម្លាតឌីជីថលរវាងប្រទេសកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ហើយមានសារៈសំខាន់ចំពោះឧស្សាហូបនីយកម្មរបស់កម្ពុជា។

សូមបញ្ជាក់ថា អង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ (CTEP) ជាអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជា និងមានសម្ពន្ធភាពជាមួយសមាគមវប្បធម៌ និងការអប់រំ (TEP) ដែលជាអង្គការមិនមែនរដ្ឋាភិបាល មកពីតៃវ៉ាន់ ដែលផ្ដោតលើកម្មវិធីអប់រំយុវជន ការលើកកម្ពស់ការងារ និងកិច្ចសហប្រតិបត្តិការកសិកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ TEP/CTEP បានចាប់ផ្តើមកម្មវិធីអប់រំរបស់ខ្លួនក្នុងឆ្នាំ ២០១១ ហើយចាប់តាំងពីពេលនោះ មកបានបង្កើតមជ្ឈមណ្ឌលសិក្សានៅតាមជនបទចំនួន២៦ និងបានជួយសាលារដ្ឋចំនួន១០ ដើម្បីផ្តល់ការអប់រំដោយឥតគិតថ្លៃផ្នែកកុំព្យូទ័រ ភាសាអង់គ្លេស និងភាសាចិន។ មកដល់ពេលនេះមានសិស្សសរុបចំនួន ៨១,០០០នាក់ ត្រូវបាន ចុះឈ្មោះចូលរៀន ហើយសិស្សចំនួន ៣៥,៥៨០នាក់ បានបញ្ចប់ការសិក្សា៕