(ភ្នំពេញ)៖ អាសូរណាស់ យុវតីមានសតិមិនគ្រប់ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មដោយពុលផ្សែងភ្លើង នៅក្នុងបន្ទប់ជួលករណីឆ្លងចរន្តអគ្គិសនី នៅវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលជាន់ទី៣ តាមផ្លូវបេតុង ស្ថិតនៅភូមិសន្សំកុសល៤ សង្កាត់ បឹងទំពន់១ ខណ្ឌមានជ័យ។

យុវត្តីរងគ្រោះមានឈ្មោះ ជ័យ លាំងស៊ឹម អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះមានជំងឺប្រចាំកាយសតិមិនគ្រប់។ ម្ដាយឈ្មោះ ជា សុខងីម អាយុ ៥៤ឆ្នាំ មានមុខរបរលក់ឆាក្ដៅតាមចិញ្ចើមផ្លូវ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

ស្ត្រីជាម្តាយយុវត្តីរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុគាត់ជារៀងរាល់ថ្ងៃតែងតែទៅចេញលក់ដូរ ហើយតែងតែទុកកូនស្រីដែលមានសតិមិនគ្រប់ នៅក្នុងបន្ទប់ជួលដោយតែងតែចាក់សោបន្ទប់ ព្រោះខ្លាចកូនស្រីចេញដើរទៅក្រៅបង្កបញ្ហាផ្សេងៗជាដើម។

ស្ត្រីរូបនេះបានបន្តថា ក្រោយឮសូរផ្អើលថាមានភ្លើងឆេះ ក្បែរកន្លែងលក់ដូរ គាត់ក៏ប្រញាប់ទៅបន្ទប់ចាក់សោយកកូនស្រីចេញប៉ុន្តែ បើកទ្វារក៏ឃើញកូនស្រីសន្លប់ស្ដូកស្ដឹង ក៏នាំគ្នាជួយលើកចុះមកខាងក្រោយ ដោយយកទៅសង្រ្គោះតែអកុសលពេលរថយន្តសង្រ្គោះបន្ទប់មកដល់ក៏គ្រូពេទ្យប្រាប់ថាដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ការសន្និដ្ឋានជាបឋមសង្ស័យពុលផ្សែងភ្លើងបណ្តាលឱ្យថប់ដង្ហើម តែយ៉ាងណារងចាំសហការជាមួយផ្នែកជំនាញកោសល្យវិច្ឆ័យស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសន្និដ្ឋានឱ្យច្បាស់ថាស្លាប់ដោយសារករណីភ្លើងឆេះ ឬមកពីមូលហេតុអ្វីឱ្យពិតប្រាកដ៕