(កំពង់ធំ)៖ លោក សុក ហៃ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណារ លើបានអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់ឃុំចំណារលើ ដែលមានលេខរៀងទី៣។

លោក សុក ហៃ អំពាវបែបនេះក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែឧសភាឆ្នាំ ២០២២ ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំប្រមាណជាង៦០០នាក់។

លោកបានបន្តថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ហើយ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

លោក សុក ហៃ បានអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សូមកៀរគរបងប្អូន មិត្តភត្តិ ឪពុក ម្ដាយ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់គ្នាដើម្បីគាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ ជាបេក្ខជនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

លោកបានបន្ដថា ក្នុងរយៈពេលនេះប្រទេសជាតិ មានសុខ សន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍ លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័នរូបវ័ន្ត និងធនធានមនុស្ស ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយ ស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជនរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត។

លោកបានបន្ថែមថា បេក្ខភាពមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត ពោលសុទ្ធសឹងជាធនធានមនុស្សដែលគិតគូរសុខទុក្ខរបស់ពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍ នៅតាមឃុំសង្កាត់ ដែលខ្លួនដឹកនាំ៕