(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន CROWN AGENTS ស្តីពីការអនុវត្ដគម្រោងបោសសម្អាតមីន នៃគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២។

គម្រោងនេះ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ចំនួន ១២,២៦៣,៤៦៥ដុល្លារអាមេរិក សម្រាប់រយៈពេលចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្ដមាន លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោកស្រី Ritsuko Yonemichi ប្រធានជាន់ខ្ពស់គម្រោងកិច្ចប្រតិបត្តិការ នៃក្រុមហ៊ុន CROWN AGENTS JAPAN LIMITED នាទីបញ្ជាការមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។

សូមបញ្ជាក់ថា គម្រោងនេះជាផ្នែកនៃកញ្ចប់គម្រោងជំនួយ២០០០លានយ៉េន ដែលរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គភាពស៊ីម៉ាក់។ តាមផែនការគម្រោងនេះ នឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីចម្ការមីនចំនួនជាង៨០០០ហិកតា ក្នុងខេត្តបាត់ដំបង។ គម្រោងនេះ មានប្រជាពលរដ្ឋទទួលផលចំនួនប្រមាណ ៦៦,៤០០គ្រួសារ៕