(ភ្នំពេញ)៖ រូបថតរបស់យុវជនម្នាក់ ដែលជិះកង់ចាស់ចូលរួមដង្ហែក្បូនគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបានគេបង្ហោះតៗគ្នា ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហោះរូបថតយុវជនដែលជិះកង់ចាស់ ចូលរួមក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ដោយភ្ជាប់ជាមួយពាក្យបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថត៣សន្លឹក ជាមួយនឹងអត្ថន័យយ៉ាងដូច្នេះថា «កូនប្រុស ទោះកូនក្រទ្រព្យសម្បត្តិ តែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថា គណបក្សប្រជាជនជារបស់ប្រជាជន ហើយក៏ជារបស់កូនដែរ ដែលកូនត្រូវចូលរួមការពារ ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ»

សូមជម្រាបថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ យ៉ាងច្រើនកុះករ បង្ហាញឲ្យពីសាមគ្គីភាព យ៉ាងរឹងមាំ៕