(ភ្នំពេញ)៖ លោក អ៉ឹង ស៊ីវម៉េង ត្រូវបានតែងតាំងជាអគ្គនាយកក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប ជាមួយនឹងក្តីរំពឹងថា នឹងជួយដឹកនាំឱ្យក្រុមហ៊ុនឱ្យទទួលបានការរីកចម្រើនកាន់តែខ្លាំង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានឱ្យដឹងថា លោក អ៉ឹង ស៊ីវម៉េង បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ចាប់តាំងពីដើមឆ្នាំ២០២១ ក្នុងតួនាទីជាអគ្គនាយករង។ បន្ទាប់ពីកាន់តំណែងនេះអស់រយៈពេលជាងមួយឆ្នាំ លោកបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ និងមានសមត្ថភាពសម្រាប់គណៈគ្រប់គ្រងក្រុមហ៊ុន ហើយបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកជាទីបំផុត បង្កើតបាននូវសកម្មភាពអាជីវកម្មជាច្រើន និងបានជម្នះគ្រប់ឧបសគ្គក្នុងការបង្កើតឱ្យមានប្រព័ន្ធសម្រាប់គ្រប់គ្រងអាជីវកម្មទាំងអស់ ឱ្យមានប្រសិទ្ធភាពដែលកំពុងតែដំណើរការនៅក្នុងក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប សព្វថ្ងៃ។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រុមហ៊ុនបានសម្តែងក្តីរំពឹងថា ក្រោមការដឹកនាំរបស់លោក អ៉ឹង ស៊ីវម៉េង ក្រុមហ៊ុននឹងមានការរីកចម្រើន និងអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងបន្តពង្រឹងភាពជាដៃគូ បង្កើត និងបង្កើនទំនាក់ទំនងថ្មីៗបន្ថែមទៀត។

សូមបញ្ជាក់ថា លោក អ៉ឹង ស៊ីវម៉េង បានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Oxford Brookes នៅចក្រភពអង់គ្លេស។ លោកបានបំពេញការងារក្នុងគម្រោងជាច្រើនជាមួយក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ចាប់តាំងពីឆ្នាំ២០១៨ មានគម្រោងវិនិយោគក្នុងស្រុក និងក្រៅប្រទេសជាច្រើនផងដែរ។ ទាំងអស់នេះ គឺជាបទពិសោធសម្រាប់គម្រោងវិនិយោគនៅក្នុងស្រុក និងក្រៅប្រទេសដែលមានថវិការាប់លានដុល្លារដូចជា៖ គម្រោងថែទាំសុខភាពតាមអ៉ីនធឺណិត គម្រោងផលិតកម្ម និងគម្រោងសំណង់ធំៗនៅក្នុងប្រទេសកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅក្នុងចក្រភពអង់គ្លេស លោកក៏ជាស្ថាបនិកម្នាក់ក្នុងការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា (PrimeCarers) ដែលគាត់នៅបន្តជាម្ចាស់ភាគហ៊ុនរហូតមកដល់ពេលបច្ចុប្បន្ន។

សមត្ថភាពក្នុងការដឹកនាំរបស់លោក អ៉ឹង ស៊ីវម៉េង ចាប់ផ្តើមតាំងពីការបំពេញការងារជាអ្នកគ្រប់គ្រងក្រុមការងារក្នុងគម្រោងនីមួយៗដែលបានផ្ដោតលើកិច្ចប្រតិបត្តិការប្រចាំថ្ងៃ រហូតបានក្លាយជាក្រុមប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនមួយចំនួនដែលមានបុគ្គលិករាប់ពាន់នាក់។ ផ្អែកលើការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ជាទីបំផុត បូករួមការអង្កេតតាមដានលើការអនុវត្តការងារ ព្រមទាំងសក្តានុពលបំពេញការងាររបស់លោក អ៉ឹង ស៊ីវម៉េង បានធ្វើឱ្យលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន ធ្វើសេចក្តីសម្រេចប្រកាសតែងតាំងពោរពេញដោយក្តីមោទនភាព៕