(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងវាយធ្វើទារុណកម្មសម្លាប់កុមារីអាយុ២ឆ្នាំ ពីសំណាក់ឪពុកចុង ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារចំនួន២០ឆ្នាំ ពីបទ «ឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទង និងជនរងគ្រោះ»

សូមរំឮកថា ឪពុកចុងឈ្មោះ សុខ រដ្ឋា អាយុ២៩ឆ្នាំ ត្រូវបានសមត្ថកិច្ចនគបាលខណ្ឌមានជ័យ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ហើយជនដៃដល់រូបនេះត្រូវតំណាងអយ្យការ លោក សេង ហៀងបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ពីបទ «ឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទង និងជនរងគ្រោះ»

កម្លាំងនគបាលខណ្ឌមានជ័យ បានចាប់ខ្លួនជនសង្ស័យនៅចំណុចក្នុងផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣ម៉១៥នាទី។

សមត្ថកិច្ចឱ្យដឹងថា ជនដៃដល់រូបនេះ ខ្លួនគេខឹងនឹងជនរងគ្រោះ ហើយបានវាយខ្លួនប្រាណ និងយកជង្គង់អុកលើដើមទ្រូង បណ្ដាលឱ្យរបួសធ្ងន់ធ្ងរ ពេលដែលជនរងគ្រោះ នៅជាមួយខ្លួនតែពីរនាក់ ហើយបន្ទាប់មកជនដៃដល់បាននាំជនរងគ្រោះ ទៅឱ្យជីតារបស់ជនរងគ្រោះឈ្មោះ ម៉ី ថុល អាយុ៦៦ឆ្នាំ ដោយប្រាប់ទាំងកុហកថា រូបគេបានរអិលជើងដួលក្នុងបន្ទប់ទឹក សង្កត់លើជនរងគ្រោះបណ្ដាលឱ្យស្លាប់។

រឿងនេះបានដឹងដល់ស្រ្តីឈ្មោះ ផុន សុខហាក់ អាយុ២៧ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះឈ្មោះ នន ស្រីនិច ពាយុ២ឆ្នាំ (ស្លាប់) ក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យមកចាត់ការតាមផ្លូវច្បាប់។

ដោយឡែក នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើសាកសពជនរងគ្រោះឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែង មិនអាចរអិលជើងដួលសង្កត់ លើដូចការអះអាងរបស់ជនសង្ស័យនោះទេ៕