(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងថា គុណបំណាច់ និងវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺមិនអាចកាត់ថ្លៃបានឡើយ។ ការលើកឡើងរបស់លោកស្រី ឃួន ឃុនឌី ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

លោកស្រីបានបន្តថា សម្ដេចតេជោ ហ៊ុន សែន ដែលជាវីរបុរសរបស់គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនូវនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួមខ្មែរទាំងអស់ឲ្យបានឈ្នះទាំងអស់គ្នា ដោយគ្មានខ្មែរណាមួយចាញ់ឡើយ ការអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ ដែលកើតមានរាប់រយសតវត្សកន្លងមក។ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏សម្ដេចមិនរត់ទៅណាចោលប្រជាពលរដ្ឋខ្មែរឡើយ គឺបានរួមសុខរួមទុក្ខជាមួយគ្នាជានិច្ច។

លោកស្រី ឃួន ឃុនឌី បានអះអាងទៀតថា ក្រោយពីបញ្ចប់សង្គ្រាមជាស្ថាពរនៅឆ្នាំ១៩៩៨ កម្ពុជាបានប្រែមុខមាត់ថ្មីក្រោមការដឹកនាំរាជរដ្ឋាភិបាល ដោយគណបក្សប្រជាជនកម្ពុជា បានរៀបចំនយោបាយយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសមានការរីកចម្រើន រហូតមកដល់បច្ចុប្បន្ន មានដូចជានយោបាយ យុទ្ធសាស្ត្រ ត្រីកោណ នយោបាយយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព និងកំណើតសេដ្ឋកិច្ចជាតិកើនឡើងជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានទំនុកចិត្តមកលើសម្តេចតេជោ ហ៊ុន សែន ដោយទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ពិសេសឃុំដំរីស្លាប់ គណបក្សប្រជាជនកម្ពុជា ឈរលំដាប់លេខរៀងទី៣៕