(ស្វីស)៖ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាន នៅប្រទេសស្វីស។

សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានអញ្ជើញឱ្យអង្គុយលើឆាកជាមួយវាគ្មិន០៤រូបផ្សេងទៀត ដើម្បីឆ្លើយនឹងសំណួរមួយចំនួន ស្តីពី ចំណាប់អារម្មណ៍ចំពោះតួនាទីជាប្រធានអាស៊ានផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី២២ ដល់២៦ ខែឧសភា ឆ្នាំ២០២២ ដែលតបតាមការអញ្ជើញរបស់ លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។

អញ្ជើញអម សម្តេចតេជោ ហ៊ុន សែន ក្នុងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះរួមមាន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងណាពិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជា ផងដែរ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងដែរថា ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»