(ហាណូយ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម អំពីការចាប់ផ្ដើមដំណើរឡើងវិញទាំងស្រុងនូវសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ។

លទ្ធផលនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១៖ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម នាពេលមុននិងអំឡុងវិបត្តិជំងឺកូវីដ-១៩ នៅក្នុងក្របខណ្ឌក្រុមការងារទេសចរណ៍នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការអនុតំបន់ និងកិច្ចសហប្រតិបត្តិការអាស៊ាន។ ភាគីទាំងសងខាងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់នៃជំងឺរាតត្បាតសកលនេះមកលើវិស័យទេសចរណ៍។

២៖ ភាគីកម្ពុជាបានអបអរសាទរដល់ភាគីវៀតណាមចំពោះការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (31st SEA Games) ពីថ្ងៃ១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រកបដោយភាពជោគជ័យ។ ភាគីកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះភាគីវៀតណាមក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ជាពិសេសការបើកប្រទេសទទួលអ្នកដំណើរទាំងអស់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ និងការលុបចោលនូវតម្រូវការធ្វើតេស្តកូវីដ-១៩ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ខណៈដែលនៅបន្តលើកទឹកចិត្តឲ្យអនុវត្តវិធានសុវត្ថិភាព និងវិធានសុខាភិបាលនានា។

៣៖ ភាគីវៀតណាមបានអបអរសាទរកម្ពុជាចំពោះជោគជ័យដ៏ឆ្នើមក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ក៏ដូចជាការចាក់វ៉ាក់សាំងក្នុងល្បឿនដ៏លឿន ស្ថិតក្រោមស្មារតីបុរេសកម្ម និងការកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះសម្រាប់ការបើកឡើងវិញនូវសកម្មភាពសង្គមនិងសេដ្ឋកិច្ច ដែលនាំឱ្យសម្រេចបាននូវភាពស៉ាំសហគមន៍ដ៏រឹងមាំទូទាំងផ្ទៃប្រទេស និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ភាគីវៀតណាមក៏បានអបអរសាទរកម្ពុជាផងដែរចំពោះការបើកប្រទេសទទួលអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ ដោយលើកលែងនូវតម្រូវការធ្វើតេស្តកូវីដ-១៩ និងផ្តល់ការសម្រួលការធ្វើដំណើរគ្រប់ទម្រង់ឡើងវិញ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ភាគីវៀតណាមបានរំលឹកអំពីការរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ កាលពីខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក្នុងទម្រង់ផ្ទាល់ ប្រកបដោយភាពជោគជ័យ និងការទទួលខុសត្រូវ ដែលក្នុងឱកាសនោះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏ដូចជាថ្នាក់ដឹកនាំទេសចរណ៍អាស៊ានបានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទប្រកាសបើកទេសចរណ៍អាស៊ានបន្តិចម្តងៗ ក្នុងស្មារតីប្រកបដោយសាមគ្គីភាព មិត្តភាព និងការទទួលខុសត្រូវ។

៤៖ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានផ្តល់ការគាំទ្រទាំងស្រុងចំពោះលទ្ធផលនៃកិច្ចប្រជុំរវាងឧត្តមមន្ត្រីទេសចរណ៍របស់ភាគីទាំងពីរ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ស្ដីពីភាពចាំបាច់ក្នុងការអនុវត្តឱ្យកាន់តែខ្លាំងថែមទៀតនូវសកម្មភាពកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលបានព្រមព្រៀងគ្នារួចហើយនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍រវាងប្រទេសទាំងពីរ ហើយក៏បានឯកភាពផ្ដោតសំខាន់លើមុំយុទ្ធសាស្ត្រមួយចំនួន ដើម្បីទ្រទ្រង់ដល់ការជំរុញដាក់ឱ្យដំណើរការឡើងវិញទាំងស្រុងនូវសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដូចខាងក្រោម៖

ក. ជំរុញឱ្យដំណើរការឡើងវិញទាំងស្រុងនូវការធ្វើដំណើរ និងការដឹកជញ្ជូន៖ ភាគីទាំងសងខាងបានបង្ហាញការតាំងចិត្តក្នុងការជំរុញនិងសម្រួលបន្ថែមដល់ជើងហោះហើរអន្តរជាតិរវាងគោលដៅទេសចរណ៍របស់ប្រទេសទាំងពីរ ក៏ដូចជាផ្តល់ការសម្រួលបន្ថែមដល់ជើងហោះហើរមកពីប្រទេសទីបី ស្របទៅតាមលក្ខខណ្ឌតម្រូវ និងវិធានសុវត្ថិភាពនិងសុខាភិបាលប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តក្នុងការពន្លឿនការចាប់ផ្តើមទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour) រវាងប្រទេសទាំងពីរ តាមរយៈការពិភាក្សាឱ្យកាន់តែសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចនានា។ បន្ថែមពីលើការដាក់ឱ្យដំណើរការឡើងវិញនូវសកម្មភាពទេសចរណ៍តាមដងទន្លេ។ ភាគីទាំងពីរក៏បានរំពឹងថានឹងតភ្ជាប់ខ្សែទេសចរណ៍តាមនាវាសមុទ្រទាំងអស់ទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅពេលដែលការសាងសង់ត្រូវបានបញ្ចប់។

ខ. រួមគ្នារៀបចំបង្កើតកញ្ចប់ទេសចរណ៍សម្រាប់ប្រទេសទាំងពីរ៖ ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមគ្នាធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយមានការចូលររួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើតនិងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឱ្យមកទស្សនាប្រទេសទាំងពីរ។ ភាគីទាំងសងខាងក៏បានផ្ដោតសំខាន់លើការផ្លាស់ប្តូរព័ត៌មានទីផ្សារទេសចរណ៍ ការចែករំលែកនូវការអនុវត្តល្អៗ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។

គ. បង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់តែខ្លាំងឡើង ប្រកបដោយប្រសិទ្ធភាព៖ ដើម្បីឱ្យសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរដំណើរការពេញលេញឡើងវិញ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានឯកភាពក្នុងការរៀបចំរួមគ្នានូវដំណើរទស្សនកិច្ចស្វែងយល់ពីគ្នា បង្កើនជំនួបធុរកិច្ចរវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំង និងចូលរួមពិព័រណ៍ទេសចរណ៍នៅក្នុងប្រទេសទាំងពីរ និងនៅព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិនានាដែលអាចមានឱកាសរៀបចំបាន។ ភាគីទាំងពីរក៏បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៥៥ នៃចំណងការទូតរវាងប្រទេសទាំងពីរ (១៩៦៧-២០២២) ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរក៏បានគូសរំលេចលើភាពចាំបាច់ក្នុងការរួមគ្នាបង្កើតវីដេអូនិងសម្ភារផ្សព្វផ្សាយ និងទម្រង់ការផ្សព្វផ្សាយឌីជីថលផ្សេងៗ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកសម្រាប់សកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅប្រទេសទីបី ក្រៅពីប្រទេសទាំងពីរ។ ភាគីវៀតណាមបានគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់កម្ពុជាក្នុងការរៀបចំនិងចាត់តាំងឱ្យមានអនុព័ន្ធទេសចរណ៍នៅស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងការបង្កើតស្ថានតំណាងទេសចរណ៍នានានៅប្រទេសវៀតណាម ដើម្បីសម្របសម្រួលដល់ការអនុវត្តកិច្ចសហ-ប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។

ឃ. ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែម៖ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃការជំរុញការផ្លាស់ប្ដូរការអនុវត្តល្អៗក្នុងការបណ្តុះបណ្តាលនិងអប់រំទេសចរណ៍ ដែលរួមមានការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាវៀតណាម និងភាសាខ្មែរ ព័ត៌មានទីផ្សារទេសចរណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សារបស់សិស្សនិស្សិត។

ង. ជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍៖ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញនូវលំហូរវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈវេទិកាវិនិយោគ និងព្រឹត្តិការណ៍ផ្សេងៗ ការលើកកម្ពស់ការយល់ដឹងអំពីកាលានុវត្តភាពវិនិយោគ និងការសម្រួលដល់ដំណើរការក្នុងការវិនិយោគ ស្របទៅតាមច្បាប់របស់ប្រទេសនីមួយៗ។

៥៖ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានបង្ហាញការតាំងចិត្តក្នុងការបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ប្រកបដោយផ្លែផ្កា ក្រោមក្របខណ្ឌនៃកិច្ចសហការទ្វេភាគី និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ទេសចរណ៍ កម្ពុជា-ឡាវ-វៀតណាម (CLV - DTA) ក៏ដូចជាក្របខណ្ឌតំបន់អាស៊ាន និងអនុតំបន់ផ្សេងៗទៀត។

៦៖ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅសាជាថ្មីជូនចំពោះប្រមុខដឹកនាំនៃប្រទេសទាំងពីរ ដែលបានផ្តល់ជាអនុសាសន៍ណែនាំអំពីការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីដំណើរការសកម្មភាពទេសចរណ៍ទាំងស្រុងឡើងវិញរវាងប្រទេសទាំងពីរ ក្នុងបរិបទនៃការរស់នៅក្នុងប្រក្រតីភាពថ្មីជាមួយជំងឺកូវីដ-១៩ និងក្រោយពីនេះ។ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរក៏បានប្រគល់ភារកិច្ចជូនមន្ត្រីបច្ចេកទេស ដើម្បីរៀបចំនិងអនុវត្តកម្មវិធីការងារ ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំនេះ។

គួរជម្រាបថា ការរៀបចំឱ្យមានកិច្ចប្រជុំខាងលើនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងវ៉ាស៊ីនតោន នាឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ឱ្យរៀបចំដំណើរការឡើងវិញទាំងស្រុងនូវសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ គឺលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានជួបប្រជុំពិភាក្សាគ្នានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាឱកាសដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំកីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជា (CAMSOC) ដើម្បីទទួលទង់ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គាម (SEAN Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕