(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញលោកសាស្ត្រាចារ្យ ខ្លុស ស្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមកចូលរួមកិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ការអញ្ជើញនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច ជួបពិភាក្សាជាមួយ លោក សាស្ត្រាចារ្យ ខ្លុស ស្វាប់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ នៅក្រុងដាវ៉ូស ប្រទេសស្វីស។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាអរគុណលោក សាស្ត្រាចារ្យ ខ្លុស ស្វាប់ ដែលមានពេលវេលាសម្រាប់ជំនួបនៅព្រឹកនេះ ហើយជាពិសេសស្របពេលការអញ្ជើញរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូស ក្នុងឆ្នាំ២០២២ ដែលក្នុងឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន។

សម្តេចតេជោ ឆ្លៀតយកឱកាសនោះ បានអញ្ជើញលោកសាស្ត្រាចារ្យ ខ្លុស ស្វាប់ ដោយផ្ទាល់ មកចូលរួមនៅក្នុងកិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី២ ដែលគ្រោងធ្វើនៅក្នុងរាជធានីភ្នំពេញ នាខែវិច្ឆិកាឆ្នាំ២០២២។ សម្ដេចបានរំលឹកដែរថា កាលពីឆ្នាំ២០១២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន កម្ពុជាបានរៀបចំនូវវេទិកាដែលហៅថា កិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី១ ដោយក្នុងនោះមានការចូលរួមពីប្រធានស្ថាប័នមួយចំនួនដូចជា៖ IMF, ធនាគារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។ លើសពីនេះ កិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី២ ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោសូមអញ្ជើញលោកសាស្ត្រាចារ្យ ក៏ដូចជាវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីចូលរួមក្នុងកិច្ចប្រជុំខាងមុខនេះ ដោយសារវេទិកាសេដ្ឋកិច្ចពិភពលោក គឺមានចំណុចជាច្រើន ដែលកន្លងមកនេះ ធ្វើការងារប្រទាក់ក្រឡាដែលមានអត្ថប្រយោជន៍ដល់អាស៊ាន ដូច្នេះការអញ្ជើញចូលរួមពីវេទិកាសេដ្ឋកិច្ចពិភពលោក ក៏ដូចជាលោកសាស្ត្រាចារ្យ ខ្លូស ស្វាប់ ពិតជាមានសារៈសំខាន់។

ជាការឆ្លើយតប លោក សាស្ត្រាចារ្យ ពិតជាអរគុណសម្ដេចតេជោ ដែលបានអញ្ជើញលោកដោយផ្ទាល់។ លោកសាស្ត្រាចារ្យ ក៏ដូចជាវេទិកាសេដ្ឋកិច្ចពិភពលោក ចាត់ទុកអាស៊ាន មានសារៈសំខាន់ណាស់សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយជាពិសេសទៀត លោក សាស្ត្រាចារ្យ បានគូសបញ្ជាក់ថា នៅពេលនេះ សម្ដេចតេជោបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសដោយសារសម្ដេចតេជោ មិនមែនត្រឹមតែជា នាយករដ្ឋមន្ត្រីកម្ពុជាទេ តែជាប្រធានអាស៊ានផងដែរ។

លោកសាស្ត្រាចារ្យ មានប្រសាសន៍បន្តថា លោកក៏បានទទួលការអញ្ជើញពីក្រុមបណ្ដាប្រទេស G20 ដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី។ លោក សាស្ត្រាចារ្យ បានឆ្លើយតបថា លោកនឹងអញ្ជើញចូលរួមនូវកិច្ចប្រជុំនេះ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយលោកបានគូសបញ្ជាក់ថា នេះក៏ជាឱកាសដ៏ល្អសម្រាប់លោក ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបានឃើញវឌ្ឍនភាព នៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោមានប្រសាសន៍ថា សម្រាប់លោកសាស្ត្រាចារ្យ ក៏អាចទៅទស្សនកិច្ចនៅកម្ពុជា ដែលនឹងឃើញពីការរីកចម្រើន ក្រោយប្រទេសកម្ពុជាទទួលរងការខ្ទេចខ្ទាំដោយសារសង្គ្រាម ដូច្នេះនេះ គឺជាឱកាសដែលអាចឃើញផ្ទាល់នូវការអភិវឌ្ឍការរីកចម្រើន និងសមិទ្ធផលទាំងឡាយរបស់កម្ពុជា។

លោកសាស្រ្តាចារ្យមានប្រសាសន៍ថា លោកពិតជាចង់ឃើញនូវការបង្កើតនូវមជ្ឈមណ្ឌលមួយ ដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកបានធ្វើនៅបណ្ដារប្រទេសមួយចំនួនដូចជា៖ នៅអាមេរិក នៅចិន និងជប៉ុនជាដើម ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត ហើយក្នុងការងារនេះ លោកសាស្ត្រាចារ្យគិតថា អ្វីដែលសំខាន់នោះ គឺវាអាចទាញយកអត្ថប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤នេះ ដែលប្រើប្រាស់បច្ចេកវិទ្យាច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះទេ ការបង្កើតនូវមជ្ឈមណ្ឌលនេះ គឺអាចជាមជ្ឈមណ្ឌលមួយនៃការជួយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយ ដូចដែលលោកធ្លាប់ធ្វើនៅក្នុងប្រទេសផ្សេងៗទៀត ឧទាហរណ៍ថា ការប្រើប្រាស់ដ្រូនក្នុងការដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដែលជាតំបន់ដាច់ស្រយាលជាដើម ក៏ដូចជាការប្រើប្រាស់ដើម្បីកសិកម្ម ហើយក៏អាចមានការងារផ្សេងៗទៀតដែលទាក់ទងនឹងបច្ចេកវិទ្យា និងធនាគារជាដើម។ ក្នុងន័យនេះដែរ លោក សាស្ត្រាចារ្យ បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោថា លោករំពឹងថា យើងអាចធ្វើការជាមួយគ្នា ហើយនឹងចុះកិច្ចព្រមព្រៀងមួយ ដើម្បីសហការរវាងកម្ពុជា ជាមួយនឹងវេទិកាសេដ្ឋកិច្ចពិភពលោក នាពេលខាងមុខនេះជាពិសេស ក្នុងពេលដែលលោកសាស្ត្រាចារ្យ អញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាតែម្ដង។

ជាការឆ្លើយតប សម្ដេចតេជោ នឹងចាត់មន្ត្រីឲ្យធ្វើការងារជាមួយនឹងមន្ត្រីនៃវេទិកាសេដ្ឋកិច្ចពិភពលោក ៕