(ភ្នំពេញ)៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីកែច្នៃ និងជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន៣នាក់ និងរឹបអូសគ្រឿងញៀនជាង៣០គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥៖៣០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងវរសេនីយ៍ឯក ស៊ុ ណារ៉ាក់ នាយករងមន្ទីរ, វរសេនីយ៍ទោ នួន ច័ន្ទ និងវរសេនីយ៍ទោ ប៉ែន ណុល ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សម្របសម្រួលដោយ លោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងព្រះសីហនុ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៣ចំណុចផ្សេងគ្នា ជាបននតបន្ទាប់ ចំណុចទី១៖ នៅខុនដូបុរីមួយកន្លែង ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណុចទី២៖ នៅមុខផ្សារម៉ាតហ័រណង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចំណុចទី៣៖ នៅបន្ទប់លេខ១៦០៨ នៃសណ្ឋាគារសមុទ្រខៀវ ភូមិ១ ក្រុម១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

សម្រាប់លទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់៖ ឈ្មោះ CHO SHIH JIE ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន (តៃវ៉ាន់), ឈ្មោះ LI ZHI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន និងឈ្មោះ PENG ZHENGCHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ដោយចាប់យកវត្ថុតាង៖ ហេរ៉ូអ៊ីន ទម្ងន់ជាង៣គីឡូក្រាម, ម្សៅក្រាមពណ៌ផ្កាឈូកខ្ចី (MDMA) ទម្ងន់ជាង៤គីឡូក្រាម, មេតំហ្វេតាមីន (ICE)ទម្ងន់ជាង៩គីឡូក្រាម, មេតំហ្វេតាមីន(WY) ទម្ងន់ ៦៤៨ក្រាម, កេតាមីន (Ketamine) ទម្ងន់ជិត៨គីឡូក្រាម, សារធាតុរាវ (Ketamine) ចំនួន ២១៥ដប ទម្ងន់ជាង២គីឡូក្រាម, ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ជិត៣គីឡូក្រាម ដោយសរុបសារធាតុញៀនទាំងអស់ស្មើនឹងជាង ៣០គីឡូក្រាម និងសារធាតុផ្សំជាង៥៦គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕